(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិស្ទឹងបត់ ដែលគ្រោងនឹងសាងសង់នេះ ចំណាយថវិកាប្រមាណ៨០០លានបាត ស្មើប្រមាណ២៦លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានសម្បទាន ពីរាជរដ្ឋាភិបាលថៃ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្ដីពីការសាងសង់ច្រកទ្វារអន្ដរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានអះអាងថា ការសាងសង់ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិថ្មីមួយនេះ នឹងត្រូវប្រើប្រាស់រយៈពេល២៤ខែ។

បើតាមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ការសាងសង់អគារច្រកទ្វារអន្ដរជាតិស្ទឹងបត់នេះ រួមមាន អគាររដ្ឋបាល, អគារអន្ដោប្រវេសន៍, អគារគយ, កន្លែងស្នាក់នៅបណ្ដោះអាសន្នចំពោះមន្ដ្រីដែលបំពេញកិច្ចការនៅទីនោះ និងអគារផ្សេងៗដែលមានការពាក់ព័ន្ធជាច្រើនទៀតផងដែរ។

រដ្ឋមន្ដ្រីក្រសួងសាធារណការរូបនេះ បានគូសបញ្ជាក់ថា ច្រកទ្វារអន្ដរជាតិមួយនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះបច្ចុប្បន្ននេះ ទាំងការចរាចរទំនិញ និងទេសចរណ៍ត្រូវធ្វើរួមគ្នានៅច្រកអន្ដរជាតិប៉ោយប៉ែត ប៉ុន្ដែនៅពេលច្រកនេះដំណើរការសាងសង់រួចរាល់ រាល់គ្រប់ទំនិញទាំងអស់ត្រូវឆ្លងកាត់ទីនេះ លើកលែងតែទេសចរណ៍ប៉ុណ្ណោះ ដូច្នេះហើយភាពកកស្ទះមិនមានទៀតនោះទេ។

ដោយឡែក សម្រាប់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ ត្រូវបានទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បង្ហាញថា តំបន់ស្ទឹងបត់ត្រូវការផ្លូវប្រវែង១គីឡូម៉ែត្រទៀត ដើម្បីតភ្ជាប់ពីកន្លែងស្ទឹងបត់ ទៅកាន់ផ្លូវជាតិលេខ៥ ព្រោះបច្ចុប្បន្ននេះមិនមានផ្លូវនោះទេ។ លោក ស៊ុន ចាន់ថុល បន្ថែមថា តាមគម្រោងរាជរដ្ឋាភិបាល នឹងផ្លូវស្ពានអាកាសមួយបន្ថែមទៀត ដើម្បីរំលងផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវចេញពីស្ទឹងបត់ ជៀសវាងកុំឲ្យមានការកកស្ទះចរាចរណ៍។

សូមជម្រាបថា គម្រោងរៀបចំច្រកទ្វារអន្ដរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥នេះ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះ នឹងបម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្លាស់ប្ដូរធុរកិច្ចរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ ដែលនឹងជួយសម្រួលដល់ ការធ្វើចរាចរណ៍នៅច្រកអន្ដរជាតិចាស់ ប៉ោយប៉ែត-ក្លងឡឹក ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ច្រកទ្វារអន្ដរជាតិចាស់ ជាច្រកសម្រាប់បម្រើឲ្យទេសចរណ៍ តែប៉ុណ្ណោះ។

លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្ដរជាតិថ្មីនេះ នឹងមានលក្ខណៈទំនើបកម្រិតអន្ដរជាតិ ដោយត្រៀមឲ្យមានទីតាំងសម្រាប់យន្ដការ ត្រួតពិនិត្យរួមគ្នា ដែលអាចដំណើរការ២៤លើ២៤ម៉ោង មានអគារស្នាក់នៅបណ្ដោះអាសន្នសម្រាប់មន្ដ្រីគ្រប់ជំនាញទាំងពីរភាគី, ប្រើពេលតែ១០នាទី សម្រាប់ការត្រួតពិនិត្យកុងតែន័រមួយ និងមានសមត្ថភាពត្រួតពិនិត្យកុងតែន័រ ប្រមាណ១០០ ដល់៥០០កុងតែន័រក្នុងមួយថ្ងៃ៕