(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ភ្នាក់ងាររបស់គណបក្សនយោបាយចំនួន៧០៤នាក់ ដែលមកពីគណបក្សចំនួន៥ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះតើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានបន្ថែមឱ្យដឹងថា គណបក្សនយោបាយទាំង៥ ដែលបានភ្នាក់ងាររបស់ខ្លួនរួមមាន៖ ទី១៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន៤០៦នាក់, ទី២៖ គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ១០៩នាក់, ទី៣៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន៩៧នាក់, ទី៤៖ គណបក្ស ឆន្ទៈខ្មែរ បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ៦៤នាក់ និងទី៥៖ គណបក្សយុវជនកម្ពុជា បានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ចំនួន ២៨នាក់។

ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការ បោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់ គណបក្សនយោបាយនីមួយៗ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានគណបក្សនយោបាយចំនួន៧ បានចូលរួមប្រកួតប្រជែង៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖