(បាត់ដំបង)៖ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅក្រុងបាត់ដំបង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក អង្គ វង្ស វឌ្ឍានា សមាជិកគណៈកម្មការកណ្តាល និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ចំណុច ឱ្យក្រុមការងារបេក្ខជន និងអង្គបោះឆ្នោតទាំងអស់យកចិត្តទុក្ខដាក់ បានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យក្នុងការបោះឆ្នោត ខាងមុខនេះ។

អនុសាសន៍ទាំង៥ចំណុចខាងលើរួមមានទី១៖ ការគោរពឱ្យបានត្រឹមត្រូវច្បាប់និងបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត, ទី២៖ ពង្រឹងសាមគ្គីភាពគ្នាក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោត បេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង, ទី៣៖ ប្រព័ន្ធនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ, ទី៤៖ ខិតខំគ្រប់គ្រងឱ្យបានម៉ត់ចត់នូវសភាពការណ៍នានា ក្នុងថ្ងៃបោះឆ្នោតនិងរាប់សន្លឹកឆ្នោត និងទី៥៖ ការខិតខំថែរក្សាសុខភាព និងរក្សាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកក៏បាននាំការផ្តាំផ្ញើរសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ជូនចំពោះអង្គបោះឆ្នោត បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ អំពីដំណើរការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដំណាក់កាលចម្បងៗ នៃការបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា និងកិច្ចការសំខាន់ៗ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕