(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាព និងបានអញ្ជើញ អ្នកជំនាញការជប៉ុន លើវិស័យកសិកម្មឲ្យធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីខ្សែច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាព នៅប្រទេសជប៉ុន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងមានវត្តមានតំណាងក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាព ប្រមាណជាង១០ក្រុមហ៊ុននៅភ្នំពេញ។

បន្ទាប់ពីស្តាប់បទបង្ហាញ និងការចែករំលែកបទពិសោធន៍ពីសំណាក់អ្នកជំនាញការ កសិកម្មជនជាតិជប៉ុនរួចមក លោក កៅ ថាច បានជម្រាបជូនអង្គប្រជុំថា ក្នុងនាមជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ ចង់មើលឃើញកសិករ ឬសហគមន៍ ដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា អាចធ្វើការផ្គត់ផ្គង់បន្លែសុវត្ថិភាពគ្មានជាតិគីមី ចូលទីផ្សារប្រកបដោយចីរភាព បន្លែមានគុណភាពខ្ពស់ដោយអនុវត្តតាមស្តង់ដារ ហើយមានបច្ចេកទេសខ្ពស់ ក្នុងការដាំដុះ។

ដូចនេះក្នុងគំរោងលើកកំពស់ ការដាំដុះបន្លែសុវត្ថភាពនៅកម្ពុជា ដែលជាផ្នែកមួយក្នុងចំណោមមគំរោងផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ (ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ) បានត្រៀមក្រុមការងារ អ្នកជំនាញការបច្ចេកទេសកសិកម្ម និងថវិកាឥណទានដោយអត្រាការប្រាក់អនុគ្រោះបំផុត ដើម្បីផ្តល់ជូនកសិករ ឬសហគមន៍កសិកម្មដាំដុះបន្លែសុវត្ថភាពនៅកម្ពុជា។ បន្ថែមលើនេះក្រុមហ៊ុន ដែលទទួលទិញបន្លែសុវត្ថិភាពពីកសិករ ឬសហគមន៍កសិកម្ម ក៏អាចខ្ចីឥណទានពីគំរោងនេះបានផងដែរ។

ទន្ទឹមនេះដើម្បីអនុវត្តគំរោង បន្លែសុវត្ថិភាពនៅកម្ពុជាទទួលបានជោគជ័យ លោក កៅ ថាច បានស្នើសុំឲ្យក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាព ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដោយអនុវត្តកិច្ចសន្យាកសិកម្មឲ្យបានច្បាស់លាស់ជាមួយកសិករ ឬសហគមន៍ដាំដុះបន្លែ។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍ជនបទធានាទម្លាក់ឥណទាន ដោយអត្រាការប្រាក់អនុគ្រោះដល់កសិករ ឬសហគមន៍ ហើយក្រុមហ៊ុនត្រូវធានាទិញពីកសិករ ឬសហគមន៍ ដែលដាំដុះបានស្របតាមស្តង់ដារចូលទៅលក់លើទីផ្សារវិញ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការជាមួយកសិករ និងសហគមន៍កសិកម្មបានខ្លះៗមកហើយ នៅតាមបណ្តាខេត្តមួយចំនួន ព្រមជាមួយអ្នកជំនាញការផ្នែកកសិកម្ម នៅក្នុងស្រុក និងជនបរទេសមានវត្តមាននៅកម្ពុជា មានដូចជាជំនាញការជប៉ុន និងអ៊ីស្រាអ៊ែលជាដើម៕