(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីបំណងចង់ឃើញមន្ត្រី ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មើភាពគ្នា និងមិនមានការបែងចែកឋានៈ តួនាទី អ្នកតូច អ្នកធំ ឬអ្នកមាន អ្នកក្រឡើយ។

តាមរយៈការបង្ហោះសារនៅលើ Facebook របស់ខ្លួន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក ជុំ កុសល បានទទួលស្គាល់ថា អាជ្ញាធរខ្លះបានប្រើសម្តីពីរោះចំពោះតែអ្នកធំ ឬអ្នកមានលុយទេ ប៉ុន្តែបើជាពលដ្ឋសាមញ្ញវិញ គឺមន្ត្រីតែងតែប្រើសម្តីត្រគោះបោះបោក និងករណីខ្លះមានដល់ការប្រមាថទៀតផង។ ក្នុងន័យនេះ លោកបានអំពាវនាវដល់មន្ត្រី និងអាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើពលរដ្ឋ ដោយមិនមែនធ្វើជាចៅហ្វាយនាយពលរដ្ឋឡើយ។

ទីប្រឹក្សាប្រមុខដឹកនាំកំពូលកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាចង់ឃើញមន្រ្តីអាជ្ញាធរថ្នាក់មូលដ្ឋាន យកចិត្តទុកដាក់បម្រើសេវាប្រជាពលរដ្ឋឲ្យបានល្អដោយស្មើភាព និងមិនមានកាបែកចែកពីឋានៈ តួនាទី អ្នកតូច អ្នកធំ ពលរដ្ឋសាមញ្ញា អ្នកមានលុយ អ្នកក្រនោះទេ។ កន្លងមកតែងតែមានការត្អូញត្អែរពីប្រជាពលរដ្ឋថា អាជ្ញាធរខ្លះប្រើសម្តីពីរោះតែចំពោះអ្នកធំ ឬអ្នកមានលុយទេ តែបើជាពលដ្ឋសាមញ្ញ គឺប្រើសម្តីត្រគោះបោះបោក មានដល់ប្រមាថក៏មាន។ ករណីបែបនេះពិតជាមានខ្លះមែន»។

លោកបន្តថា «សូមមន្ត្រីប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនក្នុងនាមជា «អ្នកបម្រើប្រជាពលរដ្ឋ» មិនមែនជាចៅហ្វាយនាយឡើយ។ បើល្អតែចំពោះអ្នកធំជាងខ្លួន ឬអ្នកមានលុយ ហើយបែរជាមកធ្វើអាក្រក់ដាក់ពលរដ្ឋធម្មតា ឬអ្នកក្រីក្រនោះ មិនមែនជាមន្ត្រីបម្រើរាស្ត្រទេ»៕