(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៩ មានចំនួន ១០៨,០៣៤ នាក់ ក្នុងចំណោមប្រជាពលរដ្ឋប៉ាន់ស្មាន ចំនួន ៣៧២,៦២៨នាក់ ដែលស្មើនឹង ២៨.៩៩%។ ប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជី មានចំនួន ៤២,៤៤៣នាក់ កែតម្រូវ ២,០០៦នាក់ និងផ្ទេរចូល១៩,០៨៣នាក់។ តួលេខទាំងអស់នេះ គ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ មានការចូលរួមតាមដាន និងសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពី គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារចំនួន១,៩៨៦នាក់, អង្គការសុខភាពផ្លូវចិត្តបែបបុរាណ និងសម័យ បានដាក់អ្នកសង្កេតការណ៍ចំនួន១៦នាក់, អង្គការខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍ ចំនួន៨នាក់ ប៉ុន្តែកំពុងត្រួតពិនិត្យលើពាក្យស្នើសុំ។

បន្ថែមពីនេះ គ.ជ.ប បានបញ្ជាក់ថា ទិន្នន័យបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។ តើបញ្ជីបោះឆ្នោតដែលបានធ្វើបច្ចុប្បន្នភាពមានសុក្រឹតភាពបែបណា ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗ មានឈ្មោះតែមួយគត់ក្នុងបញ្ជីបោះឆ្នោត ហើយការលុបចេញ និងការផ្ទេរឈ្មោះចូល ក្នុងបញ្ជីបោះឆ្នោតមានលក្ខណៈត្រឹមត្រូវ និងច្បាស់លាស់បែបណា?។

ដោយមានជំនួយបច្ចេកទេសពីប្រទេសជប៉ុន លើប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតមានពីររបៀប៖

ទី១៖ នៅពេលទទួលបានទិន្នន័យនៃអ្នកបោះឆ្នោតភ្លាម ទិន្នន័យទាំងនោះ នឹងត្រូវបានផ្ទៀងផ្ទាត់ជាស្វ័យប្រវត្តិដោយម៉ាស៊ីន ជាមួយនឹងប្រព័ន្ធទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលទទួលបានពីក្រសួងមហាផ្ទៃ

ទី២៖ នៅពេលដែលម៉ាស៊ីនច្រានចោលទិន្នន័យដែលពុំមាន ឬខុសពីប្រព័ន្ធទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលទទួលបានពីក្រសួងមហាផ្ទៃ ការផ្ទៀងផ្ទាត់ទិន្នន័យនឹងត្រូវធ្វើឡើងដោយការីផ្ទៀងផ្ទាត់ផ្អែកទៅលើទិន្នន័យ និងរូបថតក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណរបស់សាមីខ្លួន ដែលបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រ ដោយ ក.ច.ប មានន័យថាត្រូវធ្វើឡើងដោយផ្ទាល់ភ្នែក របស់ក្រុមការងារជាច្រើនក្រុម នៃនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត រួចហើយនឹងត្រូវត្រួតពិនិត្យជាចុងក្រោយម្តងទៀត ដោយក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប។

ក្នុងករណីនៅសេសសល់ លំអៀងតិចតួច ដែលជៀសមិនផុត គ.ជ.ប បានសហការជាមួយអង្គការ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) ដូចកាលពីឆ្នាំ២០១៨ ដើម្បីកែតម្រូវទិន្នន័យ ប្រសិនបើរកឃើញកំហុសឆ្គងដើម្បីធានាបានសុក្រឹតភាព នៃបញ្ជីបោះឆ្នោត។ លើសពីនេះទៀត ប្រសិនបើមានកញ្ចប់ថវិកាក្នុងផែនការថវិកា គ.ជ.ប នឹងជួលក្រុមហ៊ុនឯករាជ្យ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត។

ប្រជាពលរដ្ឋគ្រប់រូបក៏អាចចូលរួមបានដែរ ដោយគ្រាន់តែផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈអាសយដ្ឋាន www.voterlist.kh ដែលបង្ហោះនៅលើគេហទំព័រ គ.ជ.ប និងតាមរយៈ Voterlist KH (App) ហើយបើឃើញខុសឆ្គងអាចស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត កែតម្រូវបានភ្លាមៗ ។

សុក្រឹតភាព នៃបញ្ជីបោះឆ្នោត គឺជាការចាំបាច់សម្រាប់អ្នកបោះឆ្នោត ដែលត្រូវជ្រើសរើសមេដឹកនាំ ឬតំណាងរបស់ខ្លួនក្នុងការបោះឆ្នោតមួយលើកៗ៕