(ភ្នំពេញ)៖ ក្រុមការងារអន្តរស្ថាប័ន ដែលរៀបចំដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយធនាគារពិភពលោក នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ក្នុងគោលបំណងបន្តកិច្ចដំណើរការពិនិត្យ កែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារអន្តរស្ថាប័ន សម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ ដោយមានការចូលរួមពីអ្នកជំនាញការ នៃធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញ រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំនេះថា នឹងជំរុញកិច្ចពិភាក្សាឱ្យកាន់តែល្អិតល្អន់បន្ថែមទៀត ទាំងផ្នែកគោលនយោបាយ និងផ្នែកបច្ចេកទេស សំដៅធ្វើយ៉ាងណាឱ្យការកែសម្រួល បញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ អាចប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងអាចកាត់បន្ថយចំនួនមុខទំនិញក្នុងបញ្ជី ព្រមទាំងលុបបំបាត់ភាពត្រួតជាន់គ្នានៃស្ថាប័នកិច្ច ស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបទបង្ហាញស្តីពីវិធីសាស្ត្រ នៃការពិនិត្យ និងធ្វើបច្ចុប្បន្នភាពមុខទំនិញ ដែលជាមុខសញ្ញាហាមឃាត់ ឬការដាក់កម្រិតលើការនាំចេញនាំចូល តំណាងក្រសួងស្ថាប័ននីមួយៗ បានលើកឡើងនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, វឌ្ឍនភាពការងារ និង លទ្ធផលនៃការពិនិត្យ និងកែសម្រួលជាបឋមនូវមុខទំនិញ ដែលស្ថិតក្រោមការទទួលខុសត្រូវរៀងៗខ្លួន ហើយបានរំលេចចេញនូវចំណុចខ្វះខាត និងបញ្ហាប្រឈមនានាដែលត្រូវបន្តដោះស្រាយកែតម្រូវ ដើម្បីឈានទៅបញ្ចប់ការកែសម្រួលបញ្ជីទំនិញឲ្យបានសមស្រប។

ផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា ដើម្បីអាចសម្រេចការងារតាមពេលវេលាកំណត់ ដោយរាជរដ្ឋាភិបាល អង្គប្រជុំបានឯកភាពគ្នាដាក់ចេញ នូវការងារក្នុងជំហានបន្តដូចតទៅ៖

* ក្រសួងស្ថាប័ននីមួយៗ ត្រូវបន្តជំរុញការពិភាក្សាផ្ទៃក្នុងក្នុងស្មារតីកាត់បន្ថយចំនួនមុខទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ដោយមានការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនលើសំណើកែសម្រួល និងត្រូវបញ្ចប់ឱ្យបានក្នុងរយៈពេលយ៉ាងយូរ ២ សប្ដាហ៍

* មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវត្រៀមខ្លួនផ្តល់កិច្ចសហការលើផ្នែកបច្ចេកទេស ជាពិសេសពាក់ព័ន្ធនឹងការងារចំណាត់ថ្នាក់ទំនិញ ដើម្បីជួយដល់ក្រសួងស្ថាប័នជំនាញលើការងារនេះ

* កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នលើកទី៤ នឹងត្រូវរៀបចំក្នុងពេលវេលាសមស្របខាងមុខ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងបឋម នៃបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ថ្មី ដែលក្រសោបបញ្ចូលគ្នានូវមុខទំនិញពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់

* ក្នុងករណីមុខទំនិញក្នុងសេចក្តីព្រាងបញ្ជីមុខទំនិញថ្មី មានចំនួនច្រើនមិនស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល បញ្ជីនេះនឹងត្រូវបន្តពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នលើកទី៥ ហើយសេចក្តីព្រាងចុងក្រោយនេះនឹងត្រូវដាក់ជូន គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេចជាចុងក្រោយ៕