(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុម័តឥណទានសម្បទាន ចំនួន៧.៦៤លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ នៅកម្ពុជា ដែលគម្រោងនេះនឹងជួយកម្ពុជា អភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល និងពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានឥណទានសម្បទានចំនួន១១លានដុល្លារ និង ៣លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។

បន្ថែមពីនេះទៀត ក៏មានហិរញ្ញប្បទានឥតសំណងសម្រាប់ជំនួយបច្ចេកទេសចំនួន ៥០០,០០០ដុល្លារ ដែលផ្តល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ដែលជា និយ័តករអគ្គិសនីជាតិ អំពីបច្ចេកវិទ្យាបម្លែងពន្លឺទៅជាថាមពលអគ្គិសនី និង ការរៀបចំផែនការឧទ្យានថាមពលពន្លឺព្រះអាទិត្យ។ ADB នឹងគ្រប់គ្រងធនធានទាំងនេះ។ ADB បានជួយរៀបចំគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកាណាដា និងសិង្ហបូរី។

លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB បានឱ្យដឹងថា «ការមានប្រភពថាមពលដែលគួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាកម្ពុជា។ ជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាន នូវគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស ផងដែរ»។

បើទោះបីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍបណ្តាញថាមពលនៅកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា ជិត៥លាននាក់ នៅតែខ្វះលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់។ ក្នុងឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនី តាមរយៈបណ្តាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដោយក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន ១៣៣០ មេហ្គាវ៉ាត់ ឬ ប្រមាណ ៦២% និង ការផលិតថាមពលអគ្គិសនីពី ឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬ ប្រមាណ ៣៦%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ។

បើទោះបីជាកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាពផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ១០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ការសិក្សារបស់ ADB បង្ហាញឱ្យដឹងថា ប្រទេសកម្ពុជាអាចបន្ថែមថាមពលពន្លឺព្រះអាទិត្យប្រមាណ ២០០ មេហ្គាវ៉ាត់ទៅក្នុងបណ្តាញចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និងដោយមិនប៉ះពាល់ដល់បណ្តាញចែកចាយ។

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ EDC ដែលជាសេវាផ្គត់ផ្គង់អគ្គិសនីជាតិនៃរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង១០០មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹងបណ្តាញចែកចាយចម្បង នៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោងនេះ អាចផ្គត់ផ្គង់ថាមពលទៅបណ្តាញចែកចាយជាតិបានផងដែរ។

រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងក្លាយជាចំណែកមួយនៃឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង១០០ មេហ្គាវ៉ាត់នេះ នឹងត្រូវបានដាក់ដេញថ្លៃជូនក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានគោលបំណងផលិតថាមពលក្នុងកម្លាំង ៦០ មេហ្គាវ៉ាត់។ ការិយាល័យភាពជាដៃគូរវាងរដ្ឋ និងឯកជនរបស់ ADB កំពុងដើរតួនាទីជាទីប្រឹក្សា ដើម្បីជួយ EDC ក្នុងការរចនា និង រៀបចំដំណើរការដេញថ្លៃប្រកួតប្រជែងដោយបើកចំហរ៕