(កណ្ដាល)៖ លោក ឌុល គឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីពិធីបិទយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣។

ថ្លែងក្នុងឱកាសនោះ លោក ឌុល គឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុការងារជូនបក្ស និងបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ និងរក្សាបរិយាកាសនយោយបានយ៉ាងល្អប្រសើរ។

ដើម្បីបន្តរក្សាជ័យជម្នះក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែឧសភាខាងមុខនេះ លោក ឌុល គឿន បានផ្តាំផ្ញើឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគោរពតាមច្បាប់បោះឆ្នោត ថែរក្សាសុខភាពឲ្យបានល្អ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសជាតិ ធានាបាននូវសុខសន្តិភាព ពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕