(ភ្នំពេញ)៖ លោកឧត្តមសេនីយទោ ទិត្យ ប៊ុណ្ណា អនុប្រធានអង្គភាពបច្ចេកទេសវិទ្យាសាស្ត្រ បានបញ្ជាក់នៅចំពោះមុខតុលាការនៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៩នេះថា ការពិនិត្យលើស្ថានភាពសាកសព កន្លែងខ្សែចំណង ខ្សែរីដូ វីស២គ្រប់ដែលចាប់ជើងខ្សែរីដូ និងស្ថានភាព រាយប៉ាយខ្នើយ ទូរស័ព្ទ ២គ្រឿងធ្លាក់រប៉ាត់ប៉ាយ និងស្នាមសើម ដោយសារទឹកនោម នៅលើពួក អាចធ្វើឱ្យកម្លាំងជំនាញសន្និដ្ឋានថា «ជនរងគ្រោះ នាង ចេវ សុវឌ្ឍនា ស្លាប់ដោយសារការថប់ដង្ហើម ពោលមិនមែនចងកធ្វើអត្តឃាត ដោយខ្លួនឯងនោះទេ»

ឧត្តមសេនីយទោ ទិត្យ ប៊ុណ្ណា ជាមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃ ដែលឡើងបំភ្លឺដល់តុលាការបានបង្ហាញថា ក្នុងការអង្កេតនៅកន្លែងកើតហេតុ ចំណុចត្រង់ចំណង បត់ចន្ទាសចងករ ជារូបភាពព្យួរ ហើយទំហំដែករីដូ និងវីស២ មិនអាចទ្រនឹងទម្ងន់មនុស្សពេលទម្លាក់ខ្លួនមកក្រោមបានទេ។ គ្មានបន្សល់ស្នាកស្នាមឡើងតាមបងបង្អូច ដើម្បីបានចងកទេ ចំណែកលើផ្ទៃមុខសព មានស្នាមបែកគ្រាប់ឈាមតូចៗ បង្ហាញពីការថប់ដង្ហើម ទាំងនេះបញ្ជាក់ថា គឺស្លាប់ដោយថប់ដង្ហើម។

បន្ថែមលើសនេះ ភស្តុតាងកាន់តែស៊ីចង្វាក់ គឺដូចដែលចម្លើយឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ សារភាពមុនពេលត្រូវឃាត់ខ្លួន ក្នុងរបាយការណ៍បញ្ជាក់ថា លើពួក និងអាវខោរបស់ជនងគ្រោះមានស្នាមសើមដោយទឹកនោម ដូច្នេះនាង ចេវ សុវឌ្ឍនា គឺស្លាប់លើគ្រែពូកដោយថប់ដង្ហើម។

ទោះជាយ៉ាងណាក៏ដោយ លោក ចេវ សារ៉េត ជាឪពុកសពនាង ចេវ សុវឌ្ឍនា បានប្រាប់ចៅក្រមថា លោកមិនបានប្តឹងផ្តល់ចំពោះបុគ្គលណាមួយទេ គឺអាស្រ័យទៅលើកម្មផល និងព្រេងវាសនា ហើយលោកបានសម្តែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចដែលបានជួយរកយុត្តិធម៌ដល់គ្រួសាររបស់លោក។

ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសវនាការ សួរដេញដោលពីក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៅចំពោះមុខពិរុទ្ធជនទី១៖ ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី២៖ ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ទី៣៖ ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤៖ ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ។

ក្រោយសវនាការនេះបានបញ្ចប់ការសួរដេញដោល លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានលើកយកសំណុំរឿងនេះ ទៅបន្តជំនុំជម្រះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមឆ្មាំពន្ធនាគារ បាននាំខ្លួនពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរង ខេត្តតាកែវ និងគូកន មកធ្វើការជំនុំជម្រះ សួរដេញដោលដោយផ្ទាល់បន្តទៀត។

ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីឃាតកម្មនេះត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕