(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅនៅផ្សារបឹងខ្នារ ស្ថិតក្នុងឃុំបឹងខ្នារ និងផ្សារអ៊ីផា ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រកឃើញផលិតផលមួយចំនួនហួសកាលបរិច្ឆេទ។

លោក តូច ចៅកុយ ប្រធានកាំកុងត្រូលខេត្តពោធិសាត់ បានឲ្យដឹងថា បន្ទាប់ពីការចុះត្រួតពិនិត្យរួចមក ជាលទ្ធផលក្រុមការងារ បានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហាររមួយចំនួន តែពុំមានរកឃើញសារធាតុគីមីហាមឃាត់ឡើយ។

ប៉ុន្តែក្រុមការងាររបស់លោកបានរកឃើញ និងរឹបអូសទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួនផងដែរ ដោយលទ្ធផលបានដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៨មុខ ស្នើ 179,65 គីឡូក្រាម យកមករក្សាទុកដុតកំទេចចោល។

សម្រាប់ទំនិញទាំងអស់ខាងលើ បានយកមករក្សាទុក នៅសាខាកាំកុងត្រូលខេត្ត ដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់។

នៅក្នុងឱកាសនោះ ក្រុមការងារ ក៏បានចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យយល់ដឹងកាន់តែខ្លាំងចំពោះសុវត្ថិភាពចំណីអាហារដែលដាក់លក់ នៅតាមទីសាធារណៈ និងតាមផ្សារ៕