(ភ្នំពេញ)៖ អាជីវករលក់ដូរនៅមុខផ្សា និងប្រជាពលរដ្ឋរិះគន់ប្រធានផ្សារសាមគ្គី ស្ថិតនៅខណ្ឌទួលគោក ដែលមិនយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ នៅបរិវេណផ្សារ ពិសេសនៅច្រកចូលខាងមុខ ដែលព្រងើយកន្ដើយនឹងការមិនរៀបចំសណ្ដាប់ធ្នាប់របស់ក្រុមសន្ដិសុខ ជាហេតុបង្កឲ្យមានការកកស្ទះ និងប៉ះពាល់ដល់ការធ្វើអាជីវកម្ម របស់ពួកគាត់ប្រចាំថ្ងៃ។

អាជីវករដែលរងផលប៉ះពាល់ បាននិងកំពុងសម្ដែងនូវការងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ថោង ថង ប្រធានផ្សារសាមគ្គី មិនណែនាំឲ្យក្រុមសន្ដិសុខ រៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរាបរយ ពោលគេសង្កេតឃើញថា នៅមុខផ្សារមានភាពរញ៉ែរញ៉ៃ ពោលជាប់នឹងផ្លូវម៉ៅសេទុង ដែលជាផ្លូវមួយមានចរាចរណ៍យ៉ាងមមាញឹកបែបនេះ។

ក្រុមអាជីវករ បានអះអាងបន្ថែមថា ការរៀបចំសណ្ដាប់ធ្នាប់បែបនេះ ជាហេតុធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើអាជីវកម្ម ពោលមិនបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវចេញចូលផ្សារទិញទំនិញស្រួលនោះទេ ខណៈប្រធានផ្សារចាស់មុនៗ មិនដែលអសកម្មនូវប្រធានផ្សារលោក ថោង ថងនេះទេ។

លោក ថោង ថង ក៏ធ្លាប់ត្រូវបានពលរដ្ឋ ពិសេសអ្នកធ្វើដំណើរតាមដងផ្លូវរិះគន់ជារឿយផងដែរ ដោយសារតែលោកអនុញ្ញាតឲ្យមានការដាក់លក់ដូរទំនិញ នៅតាមដងផ្លូវនាំឲ្យមានការកកស្ទះចរាចរណ៍ និងធ្វើប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង ពិសេសមិនអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឲ្យរៀបចំសណ្ដាប់ធ្នាប់ឲ្យបានត្រឹមត្រូវនៅជុំវិញផ្សារ។

ផ្ដើមចេញពីបញ្ហានេះ ក្រុមអាជីវករ បានអំពាវនាវដល់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក មេត្តាពិនិត្យ និងដោះស្រាយបញ្ហានេះផង ព្រោះជាការបង្កការលំបាកដល់ពួកគាត់ក្នុងការធ្វើអាជីវកម្ម។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធការរិះគន់នេះ ភ្នាក់ងារ Fresh News មិនទាន់អាចសុំការបំភ្លឺពីលោក ថោង ថង ប្រធានផ្សារសាមគ្គី បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ៕