(បាត់ដំបង)៖ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារចំនួន២គឺផ្សារដំណាក់ស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ដកហូតទំនិញខូចគុណភាពចំរុះស្មើ១៩ គីឡូក្រាមនិងផ្សារស្នឹងឃុំស្នឹងស្រុកបាណន់ ដោយដកហូតទំនិញខូចគុណភាពចំរុះស្នើ ២៧គីឡូក្រាម យករក្សាទុកដើម្បីដុតកម្ទេចចោលតសមក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីបន្តចុះអនុវត្តការងារជំនាញ និងគិតគូពីសុខភាពប្រជាពលរដ្ឋជាចម្បង មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីជំនាញទាំងអស់ បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋគ្រប់គ្នាជាប្រើប្រាស់ផ្ទាល់។

លោកប្រធានសាខា បានបញ្ជាក់ថា ទំនិញដែលមន្ដ្រីជំនាញបានយកមកត្រួតពិនិត្យមានទំនិញចំរុះចំនួន២ផ្សារនៅស្រុកផ្សេងគ្នាគឺនៅផ្សារដំណាក់ស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ដកហូតទំនិញខូចគុណភាពចំរុះស្មើ១៩ គីឡូក្រាមនិងផ្សារស្នឹងឃុំស្នឹងស្រុកបាណន់ដកហូតទំនិញខូចគុណភាពចំរុះស្នើ ២៧ គីឡូក្រាមយករក្សា ទុកដើម្បីដុតកម្ទេចចោលតាមក្រោយ។

ព្រមគ្នាជាមួយនឹងការចុះត្រូតពិនិត្យនេះ លោកប្រធាន និងមន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំបន្ថែមទៀត តាមរយៈបិទស្ទិកឃ័រ នៅកន្លែងលក់ក្នុងផ្សារផ្ទាល់ ឬតាមប្រព័ន្ធផ្សាយផ្សេងជាច្រើនទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា នាំគ្នាទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ៕