(ត្បូងឃ្មុំ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងផ្តាំផ្ញើដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់កាន់តែច្បាស់ ពីភាពរីកចម្រើក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងផ្សព្វផ្សាយដល់ពលរដ្ឋ គាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត។

លោក វេង សាខុន បានថ្លែងបែបនេះ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុកតំបែរ អាណត្តិទី៣ ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សស្រុកតំបែរ។

អញ្ជើញចូលរួមក្នុងពិធីមានសមាជិកក្រុមការងារទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយស្រុកតំបែរ សមាជិកក្រុមការងារចុះជួយឃុំ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនពេញសិទ្ធិ បម្រុង និងភ្នាក់ងារគណ:បក្សសរុបចំនួន ១០០នាក់ ដែលអញ្ជើញមកពីបណ្តាឃុំទាំង ០៧ នៃស្រុក។

លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាបក្សស្រុកបានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបពីលទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរយៈពេល ០១សប្តាហ៍ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាពកន្លងមកឃើញថា ជារួមមានសភាពស្ងប់ស្ងាត់ និងរលូនតាមកម្មវិធីដូចបានគ្រោងទុក។ ក្នុងឆ្នាំ២០១៩នេះ ស្រុកតំបែរមានបេក្ខជនពេញសិទ្ធិចំនួន ១៩នាក់ និងបេក្ខជនបម្រុងចំនួន ២១នាក់។

នាឱកាសនេះ លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាបក្សស្រុក ឃុំ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការបោះឆ្នោតរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឆ្លៀតយកឱកាសនេះ លោកក៏បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីដំណើរការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានប្រែក្លាយប្រទេសកម្ពុជាពីស្ថានភាពដ៏លំបាកវេទនា មានសង្រ្គាម និងអសន្តិសុខស្បៀង មកជាប្រទេសមានសុខសន្តិភាពពេញលេញ ធានាបាននូវសន្តិសុខស្បៀង រហូតកំពុងធ្វើការនាំចេញកសិផល និងផលិតផលផ្សេងៗជាច្រើនទៀត។ ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ ជាពិសេសតម្រូវការទីផ្សារ រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងដើម្បីបន្តការអភិវឌ្ឍតាមរយៈការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ដើម្បីជួយបង្កើនកម្រិតជីវភាពប្រជាជន ឲ្យបានសមស្របតាមបរិបទនេះ។

បើតាមលោក វេង សាខុន សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នៅមិនទាន់ឆ្លើយតបតាមសុឆន្ទៈរបស់ថ្នាក់ដឹកនាំនៅឡើយទេ ហេតុនេះហើយបានសម្តេចតេជោ បានដាក់ចេញនូវចក្ខុវិស័យចង់ប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ នាឆ្នាំ២០៥០ ដែលទាមទារឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍ។

យោងលើសមិទ្ធផលដ៏ថ្លៃថ្លានេះ លោកបានផ្តាំផ្ញើឲ្យក្រុមការងារ សមាជិកក្រុមប្រឹក្សាស្រុកទាំងពេញសិទ្ធិ និងបម្រុងត្រូវចងចាំង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនឲ្យបានដឹង យល់កាន់តែច្បាស់ និងបន្តគាំទ្រគណបក្សប្រជាកម្ពុជាជារៀងរហូត៕