(ត្បូងឃ្មុំ)៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកស្រី បានដឹកនាំកម្លាំងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា អមដំណើរដោយតំណាងម្ចាស់ជំនួយ ពីប្រទេសសាំងហ្គាពួរ រៀបចំពិធីប្រគល់ថវិកា សម្ភារ និងអាហារពេលល្ងាច ជូនកុមារកំព្រា២៥៧នាក់ ដែលអញ្ជើញមកពីស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ រួមមានស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងស្រុកមេមត់។

ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ម៉ូត យូសុះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ សហការរៀបចំដោយមូលនិធិអភិវឌ្ឍមន៍មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជាសាខាខេត្តត្បូងឃ្មុំ។ ពិធីនេះដែរ ក៏មានការរៀបចំទទួលអាហារស្រាយបួសរ៉ាម៉ាឌន ជូនម្តាយ និងជីដូន ជីតា របស់កុមារកំព្រា និងប្រជាពលរដ្ឋ សរុបជាង៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក កៅ អ៊ីមរ៉ន បានក្រើនរំលឹកដល់កុមារា កុមារីកំព្រា ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតវែងឆ្ងាយ ត្បិតការកំព្រាឪពុក ឬម្តាយ មិនមែនជាឧបសគ្គដាច់ខាត ដែលតម្រូវឲ្យប្អូនៗ កុមារកំព្រាបោះបង់ការសិក្សារៀនសូត្រនោះទេ ព្រោះជាក់ស្តែងសព្វថ្ងៃយើងឃើញថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានកុមារកំព្រា និងពិការមិនតិចទេ ដែលបានពុះពារខំប្រឹងសិក្សា និងទទួលបានចំណេះដឹងជំនាញដ៏ជោគជ័យ ហើយក៏បាននិងកំពុងទទួលបានការងារល្អប្រសើរ។

លោក ម៉ូត យូសុះ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ដែលតែងតែនាំអំណោយមនុស្សធម៌គ្រប់ផ្នែក ដែលចាំបាច់ដើម្បីដោះស្រាយតម្រូវការ និងកង្វះខាតនៅសហគមន៍ ជាក់ស្តែង ពេលនេះក្រោមជំនួយពីសប្បុរសជនសិង្ហបុរី បានដោះស្រាយថវិកាកុមារកំព្រា២៥៧នាក់ ក្នុងម្នាក់៨ម៉ឺនរៀល និងសម្ភារសិក្សា ជាមួយការរៀបចំអាហារសាមគ្គី គឺជាកាយវិការមនុស្សធម៌ដ៏ប្រពៃ ហើយលោកជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអង្គការសមាគម បង្កើនការយកចិត្តទុកដាក់លើកុមារកំព្រា ព្រោះគាត់ពិតជាត្រូវការភាពកក់ក្តៅ ហើយគាត់ក៏ជាអនាគតយុវជនដ៏មានតម្លៃរបស់សង្គមផងដែរ៕