(កណ្តាល)៖ ប្រជាពលរដ្ឋឃុំក្រាំងយ៉ូវ ឃុំស្អាងភ្នំ និងឃុំព្រែកគយ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១២ តែងត្អូញត្អែពីការពិបាកធ្វើដំណើរ ព្រោះផ្លូវបែកល្បាប់វ៉ល់រអិលធ្វើដំណើរមិនរួច ដោយសារក្រុមរថយន្តដឹកដីបឹងរដ្ឋនៅក្នុងភូមិឃ្មួញ ឃុំទឹកវិល បែបអនាធិបតេយ្យមិនគោរពច្បាប់ ហើយពេលត្រូវភ្លៀងម្តងៗ ផ្លូវនោះបែកដូចបាយមាណ។ មិនត្រឹមផ្លូវ១ខ្សែនេះទេ ដែលជួបបញ្ហាបែបនេះ គឺមួយផ្លូវមួយចំនួនទៀត ក៏ក្រុមរថយន្តដឹកដីគ្មានច្បាប់នោះ កំពុងបំផ្លាញផងដែរ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ប្រជាពលរដ្ឋសំណូមឲ្យអាជ្ញាធរ ឬជំនាញពាក់ព័ន្ធជួយមានវិធានការទៅក្រុមរថយន្តដឹកដីទាំងនេះផង។ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល បានប្រាប់ថា រណ្តៅដីនេះគ្មានច្បាប់ទម្លាប់អ្វីទេ លោកកំពុងតាមដានព្រោះការស្នើសុំមានភាពមិនប្រក្រតី បើសិនច្បាស់ហើយលោកនឹងចាត់វិធានការផ្លូវច្បាប់។

ប្រជាពលរដ្ឋទាំង៣ឃុំខាងលើ បានលើកឡើងថា ពួកគាត់មានការភ័យពេលធ្វើដំណើរដល់ត្រង់ផ្លូវបំបែក ភូមិទួលរំលេច ក្នុងឃុំព្រែកគយ ស្រុកស្អាង ពេលឃើញរថយន្តធំៗ ដឹកដីបឹងចេញមកពីបឹងក្នុងភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាង។ រថយន្តបានដាក់ដីពេញហៀរ មិនគោរពច្បាប់រ៉ែ និងថាមពលនោះទេ ហើយធ្លាក់អាចម៍ដីរាយប៉ាយពេញលើដងផ្លូវ២០១២ ពេលត្រូវភ្លៀងបែកល្បាប់វ៉ល់រអិលខូចខ្លាញ់ សូម្បីតែរឺម៉កកង់បីបើកទៅមុខរអិលវិលមកក្រោយវិញ ម៉ូតូដួលបន្តបន្ទាប់គរជាន់គ្នាបណ្តាលរងរបួសផងដែរ។

ប្រជាពលរដ្ឋ បានលើកឡើងបន្តថា ចំណែកអាជ្ញាធរ ស្រុក ឃុំ មិនមែនគាត់មិនដឹងនោះទេ ប៉ុន្តែពួកគាត់មិនខ្ចីខ្វល់ខូចអីខូចទៅ របួសអ្នកណារបួសទៅ ព្រោះពួកគាត់មានឡានជិះ មិនរងផលប៉ះពាល់នោះទេ។ ម្យ៉ាងទៀតប្រហែលជាមានប្រយោជន៍ពីក្រុមឈ្មួញទាំងនេះ ទើបមិនមានវិធានការបែបនេះ បណ្តោយឲ្យក្រុមឈ្មួញធ្វើអ្វីទៅតាមតែអំពើចិត្តយ៉ាងនេះ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញធរខេត្ត កណ្តាល និងមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលមេត្តាជួយចាត់វិធានការក្រុមរថយន្តដឹកដីមួយកន្លែងនេះ ឲ្យគេគោរពច្បាប់ផង ព្រោះសព្វថ្ងៃនេះមិនត្រឹមតែបង្ហៀរអាចម៍ដីប៉ុណ្ណោះទេ បើកបរលឿនហុយងងឹត មើលមិនយល់ជាកក្តាបង្កឲ្យមានគ្រោះចរាចរផងដែរ។

ពាក់ព័ន្ធការលើកឡើងនេះ លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានប្រាប់អ្នកយកព័ត៌មាន Fresh News តាមទូរស័ព្ទថា លោកកំពុងដំណើរការនីតិវិធីហើយ។

លោកថា «យើងកំពុងរកសាវតា ពីព្រោះគាត់ថាស្តារប្រឡាយ ឬស្តារបឹង អញ្ចឹងដើម្បីឲ្យនីតិវិធីយើងដំណើរការបានល្អ យើងត្រូវធ្វើការជាមួយអាជ្ញាធរដើម្បីធ្វើការងារហ្នឹង។ លោក យិន រដ្ឋា បន្តថា នីតិវិធីគឺជំរុញឲ្យម្ចាស់អាជីវកម្មសុំច្បាប់ បើលើសពីទំហំមួយហិកតា គឺឲ្យគាត់សុំច្បាប់ដល់ក្រសួង។

ប្រធានមន្ទីររ៉ែ បានបន្ថែមថា ចំណែកការដឹកជញ្ជូនអាចម៍ដី ដោយមិនគោរពតាមសារាចរណ៍ណែនាំលេខ០៣១០ របស់ក្រសួងរ៉ែនោះ លោកមិនទាន់មានចំណាត់ការដល់រឿងនេះនៅឡើយ ព្រោះបើពិនិត្យរណ្តៅដីនេះ គឺអនាធិបតេយ្យទៅហើយ មិនទាន់បានសុំច្បាប់នៅឡើយ។ ប៉ុន្តែបន្ទាប់ពីម្ចាស់អាជីវកម្មសុំច្បាប់ត្រឹមត្រូវហើយ លោកនឹងពិនិត្យបន្តទៀត បើឃើញនៅតែមិនគោរពតាមសារាចរណ៍លេខ០៣១០ របស់ក្រសួងនឹងត្រូវអនុវត្តតាមច្បាប់៕