(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់គម្រោង សកម្មភាពការងារនគរបាល និងសហគមន៍ ហៅកាត់ថា CPI ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្ដ្រាលី ដល់មន្ដ្រីនគរបាលកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាល នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការដាក់ចេញគំរោងការងារនគរបាល និងសហគមន៍ និងការចុះជួយពិនិត្យគាំទ្រសកម្មភាពជាបន្តបន្ទាប់ពីនាយកដ្ឋាន និងគំរោង CPI និងយន្តការនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត គួបផ្សំនឹងបណ្ដាវិធានការណ៍ជាច្រើនទៀត ដែលក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ ធ្វើឲ្យមន្ត្រីជំនាញគ្រប់ថ្នាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស មានការយល់ដឹងទទួលយករបៀបរបបការងារមួយ ដែលមានភាពច្បាស់លាស់ប្រាកដប្រជាទទួលបានលទ្ធផលវិជ្ជមាន និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា ចំពោះភាពអសកម្ម ចន្លោះប្រហោងមួយចំនួនតូចក៏ត្រូវបានរកឃើញ និងមានការកែប្រែបានទាន់ពេលវេលាផងដែរ។ ការសម្រេចអនុញ្ញាតឲ្យអនុវត្តន៍ គំរោងការងារនគរបាល និងសហគមន៍ គឺជាការសម្រេចដាក់ចេញនូវដំណោះស្រាយចំបញ្ហា ចំគោលដៅ និងឆ្លើយតបបានទាន់ពេលវេលាប្រកបដោយភាពវិជ្ជមានចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។

គួរជម្រាបថា គម្រោងការងារនគរបាល និងសហគមន៍ ដែលជួយគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីនេះ បានជួយឲ្យនគរបាលមូលដ្ឋាន គឺនគរបាលប៉ុស្តិ៍រដ្ឋ និងស្នងការដ្ឋាន រាជធានី-ខេត្ត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងដឹកនាំប៉ុស្តិ៍រដ្ឋបាលឲ្យធ្វើការងារប៉ុស្តិ៍រដ្ឋបាល និងសហគមន៍។

រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាចំនួន៤លាន២សែនអូស្តាលី ដល់នគរបាលកម្ពុជា ដើម្បីអនុវត្តន៍នូវគម្រោងការងារនគរបាល និងសហគមន៍នេះ ដើម្បីបង្ហាត់បង្រៀនជួយដល់ នគរបាលកម្ពុជា បង្កើនការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសហការគ្នាក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ដែលគម្រោងនេះគឺមានរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩នេះ៕