(ភ្នំពេញ)៖ លោក វេង សា ខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងក្ដីសប្បាយរីករាយ ស្វាគមន៍ និងផ្ដល់ល់កិច្ចសហការជាមួយក្រុមហ៊ុនចិន ក្នុងការមកវិនិយោគកែច្នៃកសិផលនៅកម្ពុជា។

ក្នុងឱកាសទទួលជួបភ្ញៀវមកពីក្រុមហ៊ុនចិន Haikou Zhizhuang Biotechnology Co., Ltd ដឹកនាំដោយលោក Peng FA FU និងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd តំណាងដោយលោកសាស្ត្រចារ្យវិទ្យាសាស្រ្តស្រូវ HUANG Ming An លោក វេង សាខុន បានឲ្យដឹងថា ក្នុងកិច្ចជំនួបរវាងក្រសួងកសិកម្ម និងក្រុមហ៊ុនចិននេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ពី សក្តានុពលវិនិយោគលើវិស័យកសិកម្មជារួម និងជាពិសេសសិក្សាបន្ថែមអំពីស្តង់ដារ នៃការកែច្នៃស្វាយបច្ចេកទេស ការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត នីតិវិធីច្បាប់ និងបច្ចេកទេសនៃការនាំស្វាយស្រស់ចេញ និងរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពនៃ គម្រោងវិនិយោគលើដំណាំស្រូវពូជ Japonica។

លោក វេង សាខុន បានឲ្យដឹងថា កន្លងមកក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹង និងពង្រីកការនាំចេញហើយថ្មីៗនេះភាគីចិនបានឯកភាព បង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០ម៉ឺនតោន។ ដោយឡែកនៅដើមខែឧសភាកន្លងទៅនេះ កម្ពុជាបានទទួលគោលការណ៍អនុញ្ញាត ឲ្យនាំចេញចេកអំបូងលឿងចូលទីផ្សារចិន បន្ថែមពីនោះភាគីទាំងពីរកំពុងចរចារលើ ពិធីសារតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផល ស្វាយ, មាន, ស្រកានាគ, ម្រេច, ដូង និងទឹកមាត់ត្រចៀកកាំជាដើម។

លោកបន្ថែមថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើការចុះហត្ថលេខាលើឯកសារផែនការសកម្មភាព និងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីលក្ខខណ្ឌសម្រូវស្តីពី ការនាំស្វាយកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។

លោកបញ្ជាក់ថា យោងលើសក្តានុពលឪកាស និងគោលនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាល បានស្វាគមន៍គាំទ្រ និងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនលើ ការវិនិយោគកែច្នៃកសិផល និងជូនពរឲ្យទទួលបានជោគជ័យនាពេលអនាគត។

ជាការឆ្លើយតបភាគីចិនបានថ្លែងអំណរគុណ ចំពោះការគាំទ្រ និងកិច្ចសហការរបស់រដ្ឋមន្រ្តី ព្រមទាំងសហការីលើផែនការវិនិយោគនេះ។

លោកបានជម្រាបជូនពី គោលបំណងចំបងរបស់ក្រុមហ៊ុនគឺ វិនិយោគលើការដាំដុះដោយសហការជាមួយកសិករ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា សាងសង់រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ និងសង្ឃឹមថា រដ្ឋមន្រ្តីនិងមន្រ្តីជំនាញនឹងជួយគាំទ្រ និងសហការក្នុងការរៀបចំបែបបទសមស្របតាម នីតិវិធីគតិយុត្ត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងសងខាង ពិសេសដល់ប្រជាកសិករដែលជាអ្នកអនុវត្តផ្ទាល់។

ចំពោះក្រុមហ៊ុន Jiangsu Long An Agricultural លោកសាស្រ្តាចារ្យបានថ្លែងអំណរគុណ ចំពោះរដ្ឋមន្រ្តីដែលបញ្ជូនមន្រ្តីជំនាញទៅធ្វើទស្សនកិច្ច ដើម្បីស្វែងយល់ពីពូជស្រូវ Japonica នៅប្រទេសចិន។

លោកជម្រាបជូនថា ក្រុមហ៊ុនកំពុងរៀបចំដាំដុះស្រូវប្រភេទនេះលើផ្ទៃដី៣០០ហិចតា នៅខេត្តកំពង់ធំហើយសង្ឃឹមថា នឹងទទួលផលបានជាង៦.៥តោនក្នុង១ហិចតា។ ទន្ទឹមនេះក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករ ដើម្បីសាកល្បងដាំដុះហើយប្រមូលទិញក្នុងតម្លៃ ១០០០រៀលក្នុង១គីឡូ ដែលស្រូវទាំងនោះលក់ចេញទៅប្រទេសវៀតណាម។

លោកសាស្ត្រចារ្យ HUANG Ming An ឲ្យដឹងថា អនាគតក្រុមហ៊ុនគ្រោងវិនិយោគ បង្កើតរោងម៉ាស៊ីនកិនស្រូវ ស្ថានីយពិសោធន៍ពូជ និងផលិតតកម្មដោយផ្ទាល់។

លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន ដោយសារសមិទ្ធផលនេះ ធ្វើឲ្យទីផ្សារស្រូវរបស់កសិករកាន់តែបើកទូលាយ និងរក្សាបាននូវតម្លៃ។

លោកបន្ថែមថា ពាក់ព័ន្ធនឹងការពិសោធន៍ និងផលិតពូជ ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់គុណភាព និងឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ ជាពិសេសស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូសហការផលិតជាមួយរដ្ឋ៕