(ភ្នំពេញ)៖ ដើម្បីឲ្យដំណើរការ នៃការបោះឆ្នោតអសកល នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដំណើរការទៅបានជោគជ័យ និងមានសន្តិសុខពេញបរិបូណ៌ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសបោះឆ្នោតអសកលខាងមុខ។

លោក ឃួង ស្រេង បានលើកឡើងថា ដើម្បីឲ្យដំណើរការ នៃការបោះឆ្នោតនេះ ដំណើរទៅបានល្អមានយុត្តិធម៌ មានតម្លាភាព និងប្រជាធិបតេយ្យដាច់ខាតយើងត្រូវពង្រឹង លើការងារសន្តិសុខនេះហើយ។ ដូច្នេះទេកងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរទាំង១៤ខណ្ឌ ត្រូវតែពង្រឹងសន្តិសុខ សម្រាប់ការបោះឆ្នោតនេះ ឲ្យបានល្អប្រើសើរ។

គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ បានបើកយុទ្ធនា កាលពីព្រឹកថ្ងៃទី១៧ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ តាមកាលបរិច្ឆេទ របស់ គ.ជ.ប ហើយការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវធ្វើឡើងរយៈពេល៨ថ្ងៃ ជាប់ៗគ្នាតាមប្រតិទិន របស់ គ.ជ.ប កំណត់ដែលនឹងត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។

ការឃោសនាបោះឆ្នោត អាចធ្វើជារួមនៅថ្នាក់រាជធានី ឬតាមខណ្ឌ (តាមការជាក់ស្តែង) ដែលគោលដៅសំខាន់ គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត។

គួរបញ្ជាក់ទៀតថា បើតាមការឲ្យដឹងពី គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ បញ្ជាក់ថា នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦ បានចុះឈ្មោះជាផ្លូវការ ក្នុងការចូលរួមប្រកួតប្រជែង សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។ គណបក្សទាំង៦នោះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទះខ្មែរ, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា។

តាមការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងនោះ មណ្ឌលរាជធានីភ្នំពេញ មានបេក្ខជនសរុបចំនួន២៧៤ រូប ស្រីចំនួន១១៥រូប និងមណ្ឌលខណ្ឌទាំង១៤ មានបេក្ខជនសរុបចំនួន១,៣៤៣រូប ស្រី៥៣៧រូប។ ក្រោយពីមានការជួបជុំ នៅកោះពេជ្រអង្គមិទ្ទិញ ក៏បានបំបែកគ្នាដង្ហែរក្បួន ទៅតាមខណ្ឌរៀងៗខ្លួន តាមកម្មវិធីដែលបានគ្រោងទុក៕