(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញនូវការហួសចិត្ត អំពីរឿងមួយដែលមានកសិករម្នាក់ បានយកគ្រាប់មិនទាន់ផ្ទុះ ដែលគាត់បានជួបប្រទះឃើញ ទៅទុកលើចុងត្នោត ដើម្បីឲ្យផុតពីដៃក្មេងៗខ្លាចក្រែងក្មេងៗ យកទៅលេងមានគ្រោះថ្នាក់។

តាមរយៈបណ្ដាញ Facebook ដែលលោកបានបង្ហោះ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានសរសេរថា «មិនមែនត្រៀមបាញ់ផ្លោងស្អីទេ ស្រុកទេសមានសន្តិភាពហើយ! តាមពិតគាត់ (កសិករម្នាក់) គិតថា ធ្វើយ៉ាងម៉េចយកគ្រាប់មិនទាន់ផ្ទុះ ដែលគាត់បានជួបប្រទះទាំងនេះ យកទៅទុកដាក់ឱយផុតពីដៃក្មេងៗ ខ្លាចក្រែងក្មេងៗ យកទៅលេងមានគ្រោះថ្នាក់! ដូចនេះ មានតែទុកលើចុងត្នោត (កូនត្នោត) !»។

ជាមួយគ្នានោះ លោក ហេង រតនា បានបញ្ជាក់ទៀតថា គំនិតនេះល្អ ក៏ប៉ុន្តែទង្វើនេះ គ្មានសុវត្ថិភាពល្អទេ លោក រតនា បានប្រាប់ថា ដើម្បីសុវត្ថិភាព សូមកុំប៉ះពាល់ និងត្រូវរាយការណ៍ជាបន្ទាន់ មកសមត្ថកិច្ចប៉ូលីស និងមន្ត្រីស៊ីម៉ាក់ ដើម្បីចាត់ការវិញ។

លោក ហេង រតនា ក៏បានរម្លឹកថា នៅខែមុននេះ មានកសិករយើងបររទេះគោឃើញគ្រាប់នៅក្បែរផ្លូវ ចុះលើកចេញពីកន្លែងដើមនោះ ហើយដាក់មិនស្រួល ក៏ផ្ទុះឡើងធ្វើឲ្យរូបគាត់រងរបួសជាទម្ងន់។ លោកថ្លែងថា ដូចនេះ សូមដាក់សញ្ញាសម្គាល់ការពារ និងរាយការណ៍ទីតាំងគ្រាប់នោះ ទើបមានសុវត្ថិភាពល្អ។ ចំពោះករណីខាងលើនេះ លោក ហេង រតនា មិនបានបញ្ជាក់ទីតាំង នៅតំបន់ណានោះទេ៕