(ព្រះវិហារ)៖ ប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត សុក វាសនា បានថ្លែងអំពាវនាវឲ្យសប្បុរសជនទាំងអស់ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតាមមន្ទីរ អង្គភាពជុំវិញខេត្តព្រះវិហារ ចូលរួមបរិច្ចាគឈាម នៅតាមមន្ទីរពេទ្យដោយស្ម័គ្រចិត្ត ដើម្បីជួយសង្រ្គោះជីវិតអ្នកជម្ងឺ ដែលកំពុងត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត សុក វាសនា បានថ្លែងអំពាវនាវយ៉ាងដូចនេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈដែលមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានទទួលការបរិច្ចាគ ពីមន្ត្រីអាវុធខេត្តដោយស្ម័គ្រចិត្តចំនួន ៩ប្លោក។

លោក សុក វាសនា បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែបានដឹកនាំក្រុមការងារ របស់គណៈកម្មាការទ្រទ្រង់មណ្ឌលផ្តល់ឈាម បានចុះផ្សព្វផ្សាយអំពីការបរិច្ចាកឈាម ជូនដល់មន្ត្រីអាវុធហត្ថខេត្ត ឲ្យបានយល់ជ្រួតជ្រាប អំពីអត្ថប្រយោជន៍នៃការផ្តល់ឈាម ក្នុងគោលបំណងទទួលបានឈាមសម្រាប់ សង្គ្រោះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។

លោកប្រធានមន្ទីរពេទ្យ បានឱ្យទៀតថា ក្នុងការផ្សព្វផ្សាយដល់មន្ត្រីអាវុធហត្ថខេត្តក្នុងឱកាសនេះ គឺមានមន្ត្រីអាវុធហត្ថចំនួន ៩រូប បានធ្វើការបរិច្ចាកឈាមដោយស្មគ្រ័ចិត្ត ដោយឡែក មន្ត្រីអាវុធហត្ថមួយចំនួនទៀត បានបរិច្ចាកឈាមរួចហើយកាលពីពេលថ្មីៗនេះ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សរុបឈាមដែលមន្ត្រីអាវុធហត្ថខេត្ត បានបរិច្ចាកនៅពេលនេះគឺបានចំនួន៩ប្លោក ក្នុងនោះឈាមប្រភេទO ចំនួន៤ប្លោក ឈាមប្រភេទAចំនួន២ប្លោក ឈាមប្រភេទB ចំនួន២ប្លោក និងឈាមប្រភេទAB ចំនួន១ប្លោកផងដែរ។

លោក សុក វាសនា ក៏បានធ្វើការអំពាវនាវឱ្យសប្បុរសជនទាំងអស់ មកធ្វើការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។ លោកក៏បានថ្លែងអំណរគុណផងដែរ ដល់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដែលជានិច្ចជាកាល តែងតែដឹកនាំកងកម្លាំងក្រោមឱវាទ ចូលរួមបរិច្ចាគឈាមដោយស្មគ្រ័ចិត្តជូនមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតអ្នកជំងឺ៕