(តាកែវ)៖ ចោរលួចរថយន្តស្ទើរភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ បានស្ទាក់ចាប់បាន រួមនឹងវត្ថុតាងរថយន្តមួយគ្រឿងនៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហុក រ៉ាវី អាយុ២៨ឆ្នាំ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចខេត្តតាកែវ បានទទួលព័ត៌មាន ពីលោកអធិការនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ថា មានករណីលួចរថយន្តមួយគ្រឿងម៉ាក កាមរីព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y-7042 ស៊េរីឆ្នាំ២០០៤ ពីភ្នំពេញទិសដៅទៅខេត្តតាកែវ ទើបកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញកម្លាំងស្ទាក់ និងដាក់របាំងការពារចាប់បានរថយន្ត និងជនសង្ស័យតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រថយន្តខាងលើ គឺរូបគេពិតជាបានលួចមកពីការ៉ាស់ឡានថែទាំរថយន្តយីហោ មាតា នៅភ្នំពេញ។

ក្រោយទទួលបានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕