(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីធ្លាក់បំណែកដែកមួយចំនួន នៅចំណុចព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

បើតាម លោកស្នងការ បំណែកដែកទាំងនោះធ្លាក់លើទឹកដីកម្ពុជា នៅចំណុច (0608105-1533936) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង តិចតួចប៉ុណ្ណោះ ប៉ុន្តែធ្លាក់នៅលើទឹកដីឡាវ ក្នុងខេត្តអាតាពើមានចំនួនច្រើន។ លទ្ធផលនៃការស្រាវជ្រាវយ៉ាងណានោះ លោកនឹងជម្រាបជូនពេលក្រោយទៀត។

ពលរដ្ឋដែលនៅតំបន់ជិតនោះ បានលឺសំឡេងផ្ទុះ មុននឹងឃើញធ្លាក់បំណែកដែកនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក៏មានករណីធ្លាក់បំណែកដែក នៅជិតតំបន់ ប្រាសាទព្រះវិហារផងដែរ៕