(ភ្នំពេញ)៖ ក្រោយផ្ទុះរឿងអាស្រូវឃុបឃិតជាមួយបរទេស របស់អ្នកនយោបាយនៃប្រទេសអូទ្រីស រហូតឈានដល់ការលាលែង ដែលកំពុងរំជើបរំជួលនៅអឺរ៉ុបនោះ, នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនរបស់លោក ដោយចាត់ទុកបែកធ្លាយនៃការឃុបឃិតនេះ ជាអ្វីដែលទេវតាចក្រវាឡ បង្ហាញភស្តុតាងស្ថានភាពនយោបាយកម្ពុជា ឲ្យពួកអឺរ៉ុបឃើញនឹងភ្នែកតែម្ត ង លើឯករាជ្យជាតិ និងអធិបតេយ្យជាតិ។

លោក ហេង រតនា ចាត់ទុកថា ករណីរឿងអាស្រូវឃុបឃិតជាមួយបរទេស របស់អ្នកនយោបាយនៃប្រទេសអូទ្រីស គឺវានៅស្រាលជាងឆ្ងាយណាស់បៀបធៀបនឹងករណីនៅកម្ពុជា ដែលលោក កឹម សុខា ឃុបឃិតជាមួយបរទេសជាចេតនា និងយុទ្ធសាស្ត្រផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកគំរូសកម្មភាពហិង្សា ដោយសង្គ្រាមដូចនៅប្រទេសស៊ែបប៊ី។ នៅអូទ្រីស មេបក្សស្តាំជាតិនិយមជ្រុល គ្រាន់តែសន្យាជាមួយបរទេស អាចវាយលុកការរកស៊ី នៅក្នុងប្រទេសអូទ្រីសប៉ុណ្ណោះ។

លោកអគ្គនាយកបន្តថា រឿងអាស្រូវនយោបាយ នៃអ្នកនយោបាយលក់ក្បាលឲ្យបរទេស ដើម្បីបានឈ្នះការបោះឆ្នោតឡើងកាន់អំណាច កំពុងក្លាយជាព្យុះសង្ឃរាបោកបក់ប្រទេសអូទ្រីសយ៉ាងពេញទំហឹង ហើយបាន និងកំពុងធ្វើឲ្យរង្គើពេញសហភាពអឺរ៉ុបទាំងមូល។ បញ្ហានេះបានផ្ទុះឡើងនៅ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីមានវីដេអូមួយបានបែកធ្លាយដោយសារព័ត៌មានអាល្លឺម៉ង់។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡាមួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។

ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិកាបតីអូទ្រីស បាននិយាយនៅពេលផឹកស៊ីស្រវឹង ទៅកាន់ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាមនុស្សស្និទនឹងអ្នកមានអំណាចនៅរុស្ស៊ី។ មេបក្សជាតិនិយមជ្រុលអូទ្រីសរូបនេះ ក៏បានសន្យាជាមួយស្ត្រីនោះថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ី នៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែង ឲ្យបក្សរបស់លោកបានឈ្នះឆ្នោត។

ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជា អនុប្រធានបក្សស្តាំជាតិនិយមជ្រុលក៏ត្រូវតែចុះចេញពីតំណែងផងដែរ។

ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់ បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយ័ត្ន និងកុំឲ្យលក់ក្បាលឲ្យប្រទេសផ្សេង ដែលគេចង់បំផ្លាញអឺរ៉ុប។ រឿងអាស្រូវឃុបឃិតជាមួយបរទេស នៅអូទ្រីសនឹងត្រូវគេ បើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្ត។

នេះគ្រាន់តែការបែកធ្លាយវីដេអូ ដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេស ឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹង ដោយអ្នកខ្លះចាត់ទុកថា ជាការលក់ក្បាលឲ្យបរទេស និងប៉ះពាល់ខ្លាំងដល់ដំណើរការប្រជាធិបតេយ្យ នៅប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ករណីកម្ពុជា មានទម្ងន់ធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់ ព្រោះវាជាចេតនា និងយុទ្ធសាស្ត្រផ្តួលរំលំរាជរដ្ឋាភិបាល តាមគំរូសកម្មភាពហិង្សាដោយសង្គ្រាមដូចនៅប្រទេសស៊ែបប៊ី។ ប្រជាជនកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំ ថា សហភាពអឺរ៉ុប អាចគ្មានស្តង់ដា ២ គឺបាតដៃផង និងខ្នងដៃផង នោះទេ ចំពោះករណីកម្ពុជា និងអឺរ៉ុបលើឯករាជ្យជាតិ និងអធិបតេយ្យជាតិនេះ»