(ភ្នំពេញ)៖ លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា បានថ្លែងថា សាររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលើកលែងពន្ធ លើការផលិតខ្សែភាពយន្តខ្មែរ គឺជាការជួយដល់ផលិតករ និងជាការបង្ហាញពីគន្លឹះបច្ចេកទេស ក្នុងការជួយបន្ត ឱ្យវិស័យភាពយន្តមានស្ថិរភាពជាងមុន និងអាចមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយភាពយន្តបរទេស នៅក្នុងទៅផ្សារអន្តរជាតិបានផងដែរ។

លោក ព្រំ សិលា បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានចូលរួម ក្នុងកម្មវិធី អបអរសាទរ ចំពោះការលើកលែងពន្ធក្នុងវិស័យភាពយន្ត និងសិក្ខាសាលាស្តីពីវិស័យភាពយន្តខ្មែរ ឆ្នាំ២០១៩ នៅរោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច ផ្សារសុវណ្ណា។ ពិធីនេះក៏មានការចូលរួមពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៍ និងផលិតករ ជាច្រើនរូបផងដែរ។

លោក ព្រំ សិលា បានថ្លែងថា សាររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលើកលែងពន្ធលើការផលិតខ្សែភាពយន្ត គឺជាសារមួយ ដែលបានជួយទៅដល់សិល្បករ ដែលធ្វើការក្នុងវិស័យភាពយន្ត និងបានបង្ហាញពីគន្លឹះបច្ចេកទេស ក្នុងការបន្ត ឱ្យវិស័យភាពយន្ត ជាពិសេសការផលិតភាពយន្ត មានស្ថិរភាពជាងមុន ពីព្រោះតែកន្លងមក ផលិតកម្មខ្លះបានបើកហើយ គឺត្រូវបានបិទទៅវិញ ដោយសារតែពិបាកក្នុងការបង់ពន្ធ ព្រោះតែខ្សែភាពយន្តខ្លះ មានបញ្ហា និងមិនទទួលបានចំណូលច្រើន ដូចនេះការសម្រេចមិនយកពន្ធ គឺពិតជាជួយក្នុងវិស័យផលិតភាពយន្ត ជាពិសេសសិល្បករផលិតភាពយន្ត មានកម្លាំងចិត្តក្នុងការផលិតរឿងបន្តទៅទៀត។

លោកបានបន្តថា ការសម្រេចលើកលែងពន្ធរបស់រាជរដ្ឋាភិបាល គឺជាឱកាសមួយដែលអាចឱ្យផលិតករបានរឹងមាំ និងមានឱកាសក្នុងការផលិតភាពយន្តបានច្រើន និងមានគុណភាពជាងមុន ដើម្បីអាចមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយភាពយន្តបរទេស នៅក្នុងទៅផ្សារអន្តរជាតិបានផងដែរ ព្រោះគ្រប់រោងភាពយន្តទាំងអស់ គឺមិនមែនតែចាក់បញ្ជាំងតែមួយរឿងនោះទេ គឺមានច្រើនរឿង ទាំងរឿងខ្មែរ និងរឿងបរទេសផងដែរ។

លោកបានបន្ថែមថា ដើម្បីអាចផលិតរឿងឱ្យដំណើរការទៅមុខបាន លុះណាតែអ្នកផលិតភាពយន្ត ត្រូវតែផលិតរឿងឱ្យបានចម្រុះ មិនត្រឹមតែជាប្រភេទរឿងកំប្លែង និងរឿងខ្មោចនោះទេ គឺត្រូវតែមានជាប្រភេទរឿងផ្សេងៗទៀត ដើម្បីឱ្យទស្សនិកជននៅតែបន្តគាំទ្រ ហើយជាពិសេសនោះ គឺត្រូវតែបង្កើតចំនួនអ្នកគាំទ្រឱ្យបានច្រើន ដែលកត្តានេះគឺអ្នកផលិតភាពយន្តត្រូវតែធ្វើយ៉ាងណា ឱ្យទស្សនិកជនងាកមកស្រលាញ់រឿងខ្មែរឱ្យបានច្រើន ទើបរឿងខ្មែរយើងអាចបន្តរីកចម្រើនទៅមុខបាន។

លោក ប៉ុក បុរក្ស បានលើកឡើងដែរថា ការលើកលែងពន្ធរបស់ាជរដ្ឋាភិបាលនេះ គឺជាចំណុចពិសេសបំផុត ដែលរាជរដ្ឋាភិបាលបានបង្ហាញ ពីការជួយដល់វិស័យភាពយន្ត ហើយនេះគឺជាការសម្រួលដល់ការលំបាកមួយចំនួនដល់ផលិតករ អាចមានឱកាសក្នុងការផលិតខ្សែភាពយន្តឱ្យពេញដៃ ពេញជើង ហើយការលើកលែងពន្ធនេះ ក៏ជាមោទនភាពផងដែរ សម្រាប់ទីផ្សារវិស័យភាពយន្ត ដោយសារតែវិស័យភាពយន្តនៅពេលបច្ចុប្បន្ន ក៏កំពុងតែមានការរីកចម្រើន ទាំងនៅក្នុងទីក្នុងភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ៕