(ភ្នំពេញ)៖ គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី០៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានគណបក្សនយោបាយចំនួន០៦ បានបន្តធ្វើសកម្មភាពរបស់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ថ្ងៃទី៦នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយចំនួន០៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនោះមានគណបក្សនយោបាយចំនួន៣ បានហែក្បួនឃោសនារួមមាន៖

*១៖ គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួនឃោសនា នៅខេត្តសៀមរាប ចែកខិត្តប័ណ្ណ ចាក់មេក្រូ ចល័ត នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ៣០នាក់ រថយន្ត ១គ្រឿង និងម៉ូតូ ៧គ្រឿង។

*២៖ គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តតាកែវ ដោយមានអ្នកចូលរួមសរុប ៦០នាក់ រថយន្ដ ៩គ្រឿង និងម៉ូតូ ១៥គ្រឿង។

*៣៖ គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនានៅរាជធានីភ្នំពេញ ដោយហែចេញពីទីស្នាក់ការកណ្ដាលគណបក្ស នៅខណ្ឌពោធិ៍សែនជ័យ រួចបញ្ចប់នៅទីស្នាក់ការកណ្តាលវិញ និងចុះផ្សព្វផ្សាយគោលនយោបាយ ៣ឃុំ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួម ៥៦នាក់ រថយន្ត ៤គ្រឿង ម៉ូតូ ២០គ្រឿង និងម៉ូតូកង់បី ២គ្រឿង។

រីឯគណបក្សនយោបាយចំនួន៣ទៀត បានធ្វើសកម្មភាពដូចខាងក្រោម៖

*១៖ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ អង្គបោះឆ្នោត និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្ត ចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ពោធិ៍សាត់ តាកែវ ព្រះសីហនុ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង សៀមរាប ព្រះវិហារ ត្បូងឃុំ ព្រៃវែង ឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ និងខេត្តប៉ៃលិន ដោយមានអ្នកចូលរួមសរុប ៣,៥២០នាក់។

*២៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបជុំផ្សព្វផ្សាយគោលនយោបាយបក្ស នៅទីស្នាក់ការបក្ស ខេត្តរតនគិរី ដោយមានអ្នកចូលរួមសរុប ១១នាក់។

*៣៖ គណបក្សហ៊្វុនស៉ិនប៉ិច បានធ្វើសកម្មភាពជួបជុំសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយឡែក គណបក្សខ្មែរសាធារណរដ្ឋ មិនមានសកម្មភាពឃោសនាជាសាធារណៈទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់បន្ថែម។

បើតាម គ.ជ.ប បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី៦នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕