(ភ្នំពេញ)៖ រោងចក្រ ខ្មែរ ប៊ែវើរីជីស នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សិក្ខាកាម ដែលមកពីជាង១០ប្រទេសជុំវិញពិភពលោក ដែលមកចូលរួមសិក្ខាសាលា ស្តីពីការផលិតស្រាបៀរទីក្រុងបាងកកឆ្នាំ២០១៩នាពេលឆាប់ៗខាងមុខនេះ។

សិក្ខាសាលា ស្តីពីការផលិតស្រាបៀរទីក្រុងបាងកក២០១៩ គឺជាសិក្ខាសាលា ដែលរៀបចំរួមគ្នាដោយសមាគមន៍នៃឧស្សហកម្មផលិតស្រាបៀរ ក្នុងប្រទេសថៃ(Thailand Beer Industry Guild) និងសាកលវិទ្យាល័យប៊ឺលីន (University of Berlin) ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ។

សិក្ខាកាមទាំងនោះ សុទ្ធសឹងតែជាអ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកផ្គង់ផ្គង់ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងឧស្សាហកម្មផលិតស្រាបៀរនិងភេសជ្ជៈមកពីជុំវិញពិភពលោក។

ដំណើរទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស នេះនឹងផ្តោតទៅលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលប្រើប្រាស់ក្នុងការផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈផ្សេងៗទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ដំណើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគឺជាសកម្មភាពមួយរបស់សិក្ខាសាលារយៈពេល៣ថ្ងៃ ដែលគណៈប្រតិភូអាចមានឱកាសដើរទស្សនកិច្ចដោយផ្ទាល់ពីសង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈក្នុងរោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍។

រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រក្នុងស្រុករបស់ខ្មែរពិតៗដំបូងបង្អស់ដែលរៀបចំទទួលការជួបជុំអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរនិងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕