(ក្រចេះ)៖ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយផ្ទះខូចខាតទាំងស្រុង សរុបទឹកប្រាក់អស់ប្រមាណជាង ២៥,០០០ដុល្លារអាមេរិក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលមោង ៥និង៥០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរឫស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលខេត្តក្រចេះ បញ្ជាក់ឲ្យដឹងថា ម្ចាសផ្ទះឈ្មោះ ហុង សាវុធ ហៅពៅ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ត្រូវបានអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នង សង់អំពីឈើប្រក់ក្បឿងឆេះអស់ទាំងស្រុង។ ផ្ទះនេះបើគិតជាទឹកប្រាក់អស់ប្រមាណ ២៥,០០០ដុល្លារអាមេរិក បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

តាមរបាយការណ៍បញ្ជាក់ទៀតថា ក្នុងហេតុការណ៍អគ្គីភ័យឆាប់ឆេះនេះ កម្លាំងនគរបាលបានយករថយន្ដពន្លត់អគ្គិភ័យចំនួន ៣គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចេញអន្តរាគមន៍ជួយពន្លត់អស់ទឹកចំនួន៥ឡាន ទើបរលត់ទាំងស្រុង។ ហើយក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ៕