(ភ្នំពេញ)៖ ការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup (MSC 2019) របស់ក្រុមជើងខ្លាំងទាំង៤ ប្រចាំប្រទេសកម្ពុជា បានរកឃើញក្រុមជើងឯកហើយ ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការទៅចូលរួមវគ្គ Grand Finals នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលប្រារព្ធធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

ព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ MSC 2019 នេះប្រារព្ធធ្វើឡើង កាលពីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងផ្សារទំនើបអ៊ីអន សែនសុខ (ជាន់ទី ៣) ប្រកបដោយភាពជោគជ័យបំផុត និងអស្ចារ្យដែលមិនធ្លាប់មានពីមុនមកនោះទេក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍លើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន Moonton និង Cellcard ក្រោមការគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) នឹងការរៀបចំដោយ GEN សហការគ្នាក្នុងការនាំយកនូវព្រឹត្តិការណ៍ប្រកួត MSC 2019 ដ៏អស្ចារ្យបំផុតមកកាន់កម្ពុជា។ ព្រឹត្តិការណ៍ MSC 2019 នេះមានការចុះឈ្មោះចូលរួមប្រកួត អនឡាញពីប្រិយមិត្តអ្នកគាំទ្រហ្គេម Mobile Legends រហូតដល់ទៅ ១០៤ក្រុម ហើយជាលទ្ធផលក្រុមជើងខ្លាំងកំពូលចំនួន ៤ក្រុម ក៏បានឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះតែម្តង។

រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ការប្រកួត MSC 2019 នេះគឺមានទឹកប្រាក់រហូតទៅដល់ ៦,០០០ដុល្លារ និងរង្វាន់ Diamond Awards សម្រាប់ផ្តល់ជូនដល់ជើងខ្លាំងរហូតដល់ទៅ ៨ក្រុមចុងក្រោយ ដែលបានចុះឈ្មោះចូលរួមការប្រកួត Mobile Legends: Bang Bang Southeast Asia Cup 2019 នេះ។
រង្វាន់សម្រាប់ជើងខ្លាំងទាំង ៨ ក្រុមចុងក្រោយរួមមាន៖
*លេខ១៖ ទឹកប្រាក់រង្វាន់ ២៥០០ដុល្លារ និង ២០,០០០ Diamond (ក្នុងសមាជិក ១នាក់)
*លេខ២៖ ទឹកប្រាក់រង្វាន់ ១២០០ដុល្លារ និង ១០,០០០ Diamond (ក្នុងសមាជិក ១នាក់)
*លេខ៣៖ ទឹកប្រាក់រង្វាន់ ៨០០ដុល្លារ និង ៥,០០០ Diamond (ក្នុងសមាជិក ១នាក់)
*លេខ៤៖ ទឹកប្រាក់រង្វាន់ ៥០០ដុល្លារ និង ៣,០០០ Diamond (ក្នុងសមាជិក ១នាក់)
*លេខ៥ ដល់លេខ ៨៖ ទឹកប្រាក់រង្វាន់២៥០ដុល្លារ និង ១,០០០ Diamond (ក្នុងសមាជិក ១នាក់) ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះទីបំផុតក្រុមជើងឯក ដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup (MSC 2019) នេះគឺបានទៅលើក្រុមដែលមានឈ្មោះថា Diversity Helheim។ សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម HELHEIM Esports ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Zombie Reborn និងចំណាត់ថ្នាក់ចុងក្រោយគឺក្រុម HYDROGEN។

គួរបញ្ជាក់ផងដែរថា ក្រុមជើងឯក ដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មិនត្រឹមតែទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងទទួលបានការផ្តល់សិទ្ធិសម្រាប់ការចូលរួមការប្រកួតវគ្គ Grand Finals នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅខែមិថុនា ខាងមុខនេះ ដែលការចំណាយសម្រាប់ការធ្វើដំណើរស្នាក់នៅគឺជាបន្ទុករបស់ក្រុមហ៊ុនទាំងអស់ នឹងមានការដឹកនាំដោយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ផងដែរ។

ក្រុមហ៊ុន Moonton សន្យាថា ខ្លួននឹងខិតខំប្រឹងប្រែងនាំយកនូវព្រឹត្តិការណ៍ប្រកួត កាន់តែអស្ចារ្យជាងនេះថែមទៀត សម្រាប់ប្រិយមិត្តគាំទ្រ Mobile Legends ទាំងអស់នៅក្នុងប្រទេសកម្ពុជានាពេលអនាគតខាងមុខនេះ៕