(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នូល បានបើកប្រតិបត្តិការជួយដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងមូលដ្ឋានដោយធ្វើការឃាត់ខ្លួន មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ព្រមទាំងដកហូតបានគ្រឿងញៀនជិត៥០កញ្ចប់។

លោកអនុសេនីយ៍ឯង ថាច់ សុវណ្ណា បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ចំណុចនៅផ្ទះជនសង្ស័យ ភូមិអណូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ថាច់ សុវណ្ណា បានឲ្យដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដសព្វថ្ងៃ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនពីបទ ប្រើប្រាស់ថ្នាំញៀន មានក្នុងបញ្ជីឈ្មោះ គ្រប់គ្រងប៉ុស្តិ៍រដ្ឋបាល និងទី២៖ ឈ្មោះ សែម វិសាល ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ បច្ចុប្បន្ននៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិតគេចខ្លួន ពីបទផ្តល់ទីតាំងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាសកម្ម។

លោកអនុសេនីយ៍ឯង ថាច់ សុវណ្ណា បានបន្ដទៀតថា ក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា សារធាតុញៀនម៉ាទឹកកក ចំនួន៤៩កញ្ចប់ រួមនិងកាបូបដាក់ថ្នាំញៀន១ថង់ វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

លោកអនុសេនីយ៍ឯក បានឲ្យដឹងថា សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ថ្នាំញៀន ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានសហការជាមួយផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍ក្រាំងម្កាក់ ប៉ុស្តិ៍ឆក់ឈើនាង ចុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចេញ ពីចំណុចកើតហេតុខាងលើ បន្ទាប់មកកម្លាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ វិចិត្រ ភេទប្រុស ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានមករកទិញថ្នាំញៀន ពីឈ្មោះ សែម វិសាល។

ដោយមានបទបញ្ជាពីលោកស្នងការ និងដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងបានទទួលការឯកភាព ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូង
ខេត្តកណ្តាល មានការចូលរួមពីលោកមេភូមិ នគរបាលប៉ុស្តិ៍ និងនៅចំពោះមុខជនសង្ស័យ ឈ្មោះ សៅ វិចិត្រ កម្លាំងជំនាញបានធ្វើការឆែកត្រួតពិនិត្យ ផ្ទះជនសង្ស័យឈ្មោះ សែម វិសាល ឃើញមានថ្នាំញៀនចំនួន៤៩កញ្ចប់ ដាក់នៅក្នុងកាបូបដៃ ថង់វិចខ្ចប់ និងឧបករណប្រើប្រាស់ថ្នាំញៀន។

តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ សៅ វិចិត្រ បានឆ្លើយថា នៅថ្ងៃកើតហេតុ ខ្លួនមានគោលបំណងមកទិញថ្នាំញៀន ពីឈ្មោះ វិសាល នៅចំណុចកើតហេតុខាងលើ ពេលសមត្ថកិច្ចចុះបង្រ្កាប ក៏បានគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពទៀតថា កន្លងមកខ្លួន ធ្លាប់ទិញថ្នាំញៀនពីឈ្មោះ វិសាល ជាញឹកញាប់យកទៅប្រើប្រាស់ និងធ្លាប់ឈ្មោះវិសាល ប្រើឲ្យកាន់ថ្នាំញៀនលក់បាន១លើក។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕