(ភ្នំពេញ)៖ ថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថានភាពឃោសនា នៅតែមានសភាពរលូន គ្មានហិង្សា ដូចថ្ងៃមុនៗដដែល ខណៈដែលថ្ងៃនេះ មានគណបក្សចំនួន៦ បានចូលរួមក្នុងយុទ្ធនាការនេះ។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាន។

គណបក្សចំនួន៦ ដែលបានចូលរួម យុទ្ធនាការនៅថ្ងៃនេះ មានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។

បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅរយៈពេល ៥ថ្ងៃមកនេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សានៅក្របខណ្ឌទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប។

សូមបញ្ជាក់ថា គណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមការរៀបចំរបស់គ.ជ.ប។ សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើង តាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ការឃោសនាដោយរឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង២៖០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕