(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភានេះ ការជួញដូរភាគហ៊ុនរហូតដល់៩,៤៥៧,៤២២ហ៊ុន មានតម្លៃជាទឹកប្រាក់សរុបចំនួន ១២០.១២ ប៊ីលានរៀល នៅផ្សារមូលបត្រកម្ពុជា ដែលតួលេខនេះ បានបំបែកកំណត់ត្រាជួញដូរច្រើនបំផុត ចាប់តាំងពីពេលផ្សារបើកដំណើរការក្នុងឆ្នាំ២០១២។

យោងតាមរបាយការណ៍ទិន្នន័យទីផ្សាររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ការជួញដូរស្ទើរតែទាំងស្រុងក្នុងថ្ងៃនេះ គឺជាការជួញដូរលើភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលមានទំហំជួញដូរសរុបចំនួន ១២០.០២ ប៊ីលានរៀល ដែលក្នុងនោះ ០.០២ ប៊ីលានរៀល គឺត្រូវបានជួញដូរតាមវិធីសាស្ត្រដេញថ្លៃ រីឯ១២០ ប៊ីលានរៀលទៀត គឺតាមវិធីសាស្រ្តជួញដូរតាមការចរចា។ ការជួញដូរតាមការចរចាដែលមានក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ជាឈ្មួញជើងសារនេះ មានចំនួនច្រើនជាងគេបង្អស់បើធៀបនឹងការជួញដូរមុនៗតាមវិធីសាស្រ្តនេះ។

CSX បានឲ្យដឹងថា នេះគឺជាលើកទីពីរហើយ សម្រាប់ការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចា ក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែជាលើកទី៤ហើយ គិតចាប់តាំងពីពេលដែលវាត្រូវបានដាក់អោយដំណើរការក្នុងដើមឆ្នាំ២០១៨។ បើបូកបញ្ចូលទាំងវិធីសាស្ត្រដេញថ្លៃ និងវិធីសាស្ត្រជួញដូរតាមការចរចា ទំហំជួញដូរភាគហ៊ុនសរុបរបស់ភាគហ៊ុនចុះបញ្ជីទាំង៥ ក្នុងថ្ងៃនេះមានទឹកប្រាក់រហូតដល់ ១២០.១២ ប៊ីលានរៀល។

គួររម្លឹកផងដែរថា ការជួញដូរលើកទី១តាមវិធីសាស្ត្រជួញដូរតាមការចរចា ឆ្នាំ២០១៩ គឺជាការជួញដូរលើភាគហ៊ុនរបស់ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP) ដែលមានទឹកប្រាក់ចំនួន ៦ ប៊ីលានរៀល កាលពីខែមីនា។ ដោយឡែក នៅឆ្នាំ២០១៨ ក៏មានការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចាកើតឡើង២ដងរួចមកហើយដែរ ដែលលើកទីមួយគឺជួញដូរលើភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) ចំនួន ៣៨០ លានរៀល ចំណែកឯមួយទៀតគឺលើភាគហ៊ុន PASនេះដែរ មានទឹកប្រាក់ចំនួន ១៧ ប៊ីលានរៀល៕