(ភ្នំពេញ)៖ អ្នកបើករថយន្ដក្រឡុកស៉ីម៉ង់ត៍ម្នាក់របស់ក្រុមហ៊ុន «ដ្រេហ្គនសុធី» ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្ទាប់ពីរូបគេ បានបើរថយន្ដទៅបុកប៉ះទង្គិចជាមួយម៉ូតូស្កុបពី ១គ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសចំនួន ២នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តបង្កធុនធំម៉ាក FUSO ពណ៌ស ពាក់ស្លាក ភ្នំពេញ 5A-2349 ជារថយន្តដឹកបេតុង របស់ក្រុមហ៊ុ «ដ្រេហ្គនសុធី» បើកបរដោយបុរសម្នាក់ឈ្មោះ អិន ឆេងហ័ន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ស៊ុ សាវ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតក្នុងភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ឯម្នាក់ទៀតរងរបួសស្រាលមានឈ្មោះ រឿន វិល័យ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រដូចគ្នា ទាំងការស្នាក់នៅ និងមានស្រុកកំណើតជាមួយគ្នា ដែលបានជិះម៉ូតូ ១គ្រឿងឌុបគ្មាម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-6576។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូឌុបគ្នា ២នាក់ ចេញមកតាំងពីស្រុកកំណើត ក្នុងបំណងមកផ្ទះជួលនៅសង្កាត់ចោមចៅ៣ វិញ ដោយធ្វើដំណើរកាត់តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកពីត្បូងមកជើង បញ្ច្រាសទិសគ្នា ហើយរថយន្ដក៏បត់ឆ្លងផ្លូវ បណ្ដាលឲ្យជ្រុលចង្កូតមកបុកម៉ូតូរបស់គាត់ (ជនរងគ្រោះ) ឲ្យដួលខូចខាតម៉ូតូ និងរងរបួស និងម្នាក់ទៀតស្លាប់ភ្លាមៗតែម្ដង។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យវាស់វែងតាមជុំនាញភ្លាមៗ ដោយសាកសពប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រួមជាមួយរថយន្តបង្ក និងម៉ូតូរងគ្រោះ នាំយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការបញ្ជូនតាមនិតិវិធីច្បាប់នៅពេលក្រោយ៕