(ភ្នំពេញ)៖ ទិវាជីវៈចម្រុះលើកទី៦ ក្រោមប្រធានបទ «ជីវៈចម្រុះរបស់យើង អាហាររបស់យើង សុខភាពរបស់យើង» ត្រូវបានរៀបចំប្រារព្ធឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩ នេះទីរួមខេត្តមណ្ឌលគិរី។ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ទិវាជីវៈចម្រុះនេះមានអ្នកពាក់ព័ន្ធនានាចូលរួមជាង ១០០០នាក់។

លោកស្រី ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្នុងនាមជាតំណាងជនបង្គោលនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះបានបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ(UN-CBD)នៅឆ្នាំ១៩៩៥។ លោកស្រីបានឱ្យដឹងដែរថា ក្នុងនាមជាប្រទេសហត្ថលេខី និង ស្ថាប័ន បង្គោល ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ ក្រសួងបរិស្ថានមានកាតព្វកិច្ចរៀបចំពិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ស្ថាប័ន ប្រជាសហគមន៍ អង្គការ ដៃគូជាតិ-អន្តរជាតិ និង បណ្តាអ្នកពាក់ព័ន្ធសំដៅលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់យល់ដឹងពីតម្លៃនៃជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលមិនអាចខ្វះបាន។

លោក ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានមានប្រសាសន៍ថា គោលបំណងនៃប្រធានបទទិវាឆ្នាំនេះ គឺដើម្បីបង្កើន និងពង្រីកការយល់ដឹងអំពីការពឹងអាស្រ័យលើ ប្រព័ន្ធ ម្ហូប អាហារ អាហារូបត្ថម្ភ និងសុខភាពរបស់យើងអាស្រ័យលើជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ។ ប្រធានបទទិវា ឆ្នាំនេះក៏អបអរសាទរពីភាពសម្បូរបែបដែលផ្តល់ដោយ ប្រព័ន្ធធម្មជាតិរបស់យើង សម្រាប់ជីវិតមនុស្ស និងសុខុមាលភាព នៅលើផែនដីហើយក៏ចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពផ្សេងៗទៀត រួមទាំងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំ ការស្តារ ប្រព័ន្ធ អេកូឡូស៊ី ទឹកស្អាត និងការ បំបាត់សេចក្តីស្រេកឃ្លានជាដើម។

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ពិភពលោកនេះបាន និងកំពុងពឹងផ្អែកលើជីវៈចម្រុះ និងសេវាកម្មអេកូឡូស៊ីធម្មជាតិ សម្រាប់ការផលិតស្បៀង និងចំណីអាហារជាច្រើន ដោយសារតែប្រភេទដំណាំ និងសត្វចិញ្ចឹមរាប់ពាន់ប្រភេទ បាននិងកំពុងបង្កាត់ពូជចេញពីធនាគារពូជ ដែលបានអភិរក្សពូជដើម។ ហើយ ជីវៈចម្រុះក៏ត្រូវបានទទួលស្គាល់ថាជាផ្នែកមួយដ៏សំខាន់នៅក្នុងការផលិតស្បៀងអាហារពិភពលោក។

ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់នានា និងសុវត្ថិភាពទឹកស្អាត ក៏បានពឹងផ្អែកទាំងស្រុងលើជីវៈចម្រុះតាមរយៈមុខងាររបស់ប្រព័ន្ធអេកូឡូស៊ីដែលបានជួយដល់ការកាត់បន្ថយការបំពុលទឹក ធ្វើនិយ័តកម្មទឹកជំនន់ ការរក្សាគុណភាពដី ការបន្សុតខ្យល់ ការទប់ស្កាត់ជំងឺឆ្លង និងការជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ល។
ហើយដែលការប្រើប្រាស់សេវាកម្មទាំងនោះ វាមានតម្លៃទាបជាងការប្រើនូវបច្ចេកវិទ្យាទំនើបទៅទៀត។ លើសពីនេះជីវៈចម្រុះ បានផ្តល់នូវសម្ភារៈ និងសេវាកម្មចាំបាច់ សម្រាប់ទ្រទ្រង់ជីវៈភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាប្រភពនៃឱសថបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗ។

លោក ជា សំអាង បានថ្លែងថា៖ «ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនេះ សម្រាប់សេដ្ឋកិច្ចជាតិ-សង្គម និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋយើង ទាំងពេលបច្ចុប្បន្ន និងទៅអនាគត និងសម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។ ថែរក្សាជីវៈចម្រុះគឺថែរក្សាប្រភពចំណីអាហាររបស់យើង និងបង្កើនចំណូលគ្រួសារថែរក្សាជីវៈចម្រុះនៅកម្ពុជាគឺមិនត្រឹមតែរក្សាបាននូវលំនឹងធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជាទេ គឺចូលរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ នៅលើសកលលោកទាំងមូល។ សូមឱ្យទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា នេះ គឺជាវេទិកាសាធារណៈ ដើម្បីពង្រឹងកិច្ចសហការរួមគ្នារវាងមជ្ឍដ្ឋានពាក់ព័ន្ធទាំងអស់ ក្នុងគ្រប់គ្រងធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីរួមគ្នា ប្រកបដោយចីរភាព សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ»។

នៅក្នុងឱកាសនោះ ក្រុមការងារក៏បានរៀបចំនៅការលែងល្បែងកម្សាន្ត ការទស្សទាយសំឡេងសត្វ ការផ្គុំរូបសត្វព្រៃនិងកម្មវិធីសំណួរ-ចម្លើយ ដើម្បីបញ្ជ្រាបនូវចំណេះដឹងបរិស្ថាន ជីវចម្រុះ និងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគីរីផងដែរ។

ជាមួយគ្នានេះ ដើម្បីអបអរសាទរទិវាជីវៈចម្រុះ ក្រសួងបរិស្ថានក៏បានចេញផ្សព្វផ្សាយចម្រៀងមួយបទមានចំណងជើងថា «ត្មាតជាមិត្តបរិស្ថាន»៕