(ភ្នំពេញ)៖ សូមប្រញាប់រួសរាន់ឡើង សម្រាប់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងទៅសិក្សានៅប្រទេសជប៉ុន, ស្ថានទូទជប៉ុន បានរំលឹកថា នៅសល់តែរយៈពេល ៧ថ្ងៃទៀត នឹងផុតកំណត់ក្នុងការទទួលពាក្យអាហារូបករណ៍ (MEXT) របស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំ២០២០។

តាមរយៈទំព័រ Facebook របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហោះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានអំពាវនាវឱ្យសិស្ស-និស្សិតកម្ពុជា ដែលមានចំណាប់អារម្មណ៍ សូមប្រញាប់រួសរាន់ក្នុងការរៀបចំឯកសារចាំបាច់ ដើម្បីដាក់ពាក្យអាហារូបករណ៍ MEXT ផងដែរ។ ស្ថានទូតនឹងឈប់ទទួលពាក្យអាហារូបករណ៍នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល។

ចំពោះពាក្យស្នើសុំ អាចរកបាននៅការិយាល័យអាហារូបករណ៍ នៃក្រសួងអប់រំយុវជន និងកីឡា ដែលមានអាស័យដ្ឋាន អាគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (នៅខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល៥០ម៉ែត្រ)។

ស្ថានទូតជប៉ុន មិនទទួលពាក្យសុំដោយផ្ទាល់ទេ។ សូមស្វែងរកពាក្យ និងដាក់ពាក្យនៅការិយាល័យ អាហារូបករណ៍ដូចបានជម្រាបជូនខាងលើ។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទីប្រឹក្សាអាហារូបករណ៍នៃស្ថានទូតជប៉ុន តាមរយៈលេខទូរស័ព្ទ៖ ០២៣ ២១៧ ១៦១ ឬតាមអ៊ីម៉ែល៖ [email protected] នៅម៉ោងធ្វើការចាប់ពីម៉ោង ៨៖០០នាទី ដល់១១៖៤៥នាទីព្រឹក៕