(ស្វាយរៀង)៖ ដោយសារតែករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងមួយមេធំផងនោះ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នង បានរងការខូចខាតស្ទើរតែទាំងស្រុង រួមជាមួយនឹងមនុស្សម្នាក់ បានរងរបួសបែកក្បាលជាទម្ងន់។ ហេតុការណ៍ខ្យល់កន្ទ្រាក់នេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង។

តាមមន្ត្រីសាខាកាកបាទក្រហមកម្ពជាខេត្តស្វាយរៀង បានឲ្យដឹងថា ស្រុកដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនោះ ទី១គឺស្រុកស្វាយជ្រំ ខូចខាតផ្ទះចំនួន៣ខ្នង និងស្រុករមាសហែក ខូចខាតចំនួន៧ខ្នង ក្នុងនោះក៏បានបណ្តាលឲ្យបុរសម្នាក់រងរបួសក្បាល ត្រូវដេរចំនួន៥ថ្នេរ ក្រោយពីក្បឿងដំបូលផ្ទះធ្លាក់ត្រូវ។

សូមបញ្ជាក់ថា បើតាមការព្យាករ របស់ក្រសួងធនធានទឹកនិងឧត្តុនិយម ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ចាប់បង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ, ជាមួយគ្នានោះក្រសួងក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ផងដែរ៕