(ភ្នំពេញ)៖ Cellcard ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ក្នុងស្រុកតែមួយគត់ ទទួលបានពានរង្វាន់ជា Best Emerging Market Operator នៅក្នុងសន្និសីទ Telecom Asia បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ អស់រយៈពេល៣ ខែកន្លងមក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cellcard ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៩។

កម្មវិធីនេះ ត្រូវបានប្រកាសជាផ្លូវការ នៅលើគេហទំព័រ Telecomasia.net ដោយបញ្ជាក់ថា ក្រុមហ៊ុន Cellcard ទទួលបានជ័យលាភី ជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទជា Best Emerging Market Operator ដោយចូលរួមប្រកួតជាមួយ៣ប្រទេសផ្សេងទៀត នៅក្នុងតំបន់ដូចជា Ooredoo Maldives, Global Cloud Xchange (GCX), និង Ooredoo Myanmar។

ពានរង្វាន់ Best Emerging Market Operator Award នេះ គឺផ្ដល់ជូនឲ្យក្រុមហ៊ុនគំរូលើគំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៅលើស្តង់ដាសេវាកម្ម ព្រមទាំងការប្តេជ្ញាចិត្តជូនអតិថិជន។ នេះក៏សបញ្ជាក់ពីការ បម្រើការដ៏ល្អបំផុត នៅក្នុងទីផ្សារអាស៊ីដែលកំពុងរីកលូតលាស់នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានឲ្យដឹងថា «ពួកយើងមានមោទនភាព ក្នុងការនាំយកជ័យជម្នះនេះ ត្រលប់មកផ្ទះវិញ។ សូមអរគុណដល់ក្រុមការងារទាំងអស់ នូវការខិតខំរបស់អ្នកទាំងអស់គ្នា សម្រាប់លទ្ធផលមួយនេះ»។

លោកបន្តថា «ពួកយើងត្រូវបានអញ្ជើញចូលរួមសន្និសីទ Telecom Asia កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកយើងទទួលបានព័ត៌មាន កាលពី២សប្តាហ៍មុនថា ពួកយើងត្រូវបានជ្រើសរើស ឲ្យចូលវគ្គផ្តាច់ព្រ័ត្រ ដែលនេះជាក្តីសង្ឃឹមដ៏មុតមាំរបស់យើង»។

លោកបន្តទៀត «ហើយថ្ងៃនេះ ពួកយើងបានទទួលជោគជ័យ ពិតប្រាកដមែនក្នុងនាមជាប្រតិបត្តិករទីផ្សារ ដែលលេចធ្លោជាងគេ (Best Emerging Market Operator) នៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ Telecom Asia នេះ ជាកម្មវិធីផ្តល់ពានរង្វាន់ ដែលមានរយៈពេលយូរជាងគេ និងមានកិត្យានុភាពជាងគេបង្អស់ នៅក្នុងវិស័យទូរគមនាគមន៍នេះ ហើយត្រូវបានទទួលស្គាល់ក្នុងការច្នៃប្រឌិតខ្ពស់»។

លោកថា ពួកគេផ្តល់ពានរង្វាន់ ដល់អ្នកដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានសក្តានុពល នៅក្នុងវិស័យផ្តល់សេវាកម្មនៅតំបន់អាស៊ី និងជាប្រធានផ្នែកនៅក្នុងវិស័យ។ ការដាក់ពាក្យ ត្រូវបានវាយតម្លៃលើភាពច្នៃប្រឌិត ដំណើរការហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំនៅលើទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម។

សូមបញ្ជាក់ថា ពានរង្វាន់ Telecom Asia នៅឆ្នាំនេះ មាន២៨ពាន លើផ្នែកនីមួយៗ ដែលចែកចេញជា៣ក្រុម លើផ្នែកផ្គត់ផ្គង់សេវាបម្រើអតិថិជន ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ៕