(កំពង់ឆ្នាំង)៖ លោក ឈុន សុភ័ក្រ និងលោកស្រី សុខ ម៉ាលី តំណាងឲ្យលោកស្រីទាវ ធីតា និងលោក ថោង សារ៉ាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាពជាក់ស្តែង បានផ្ដល់អំណោយមនុស្សធម៌ជាថវិកាចំនួន ២៥ម៉ឺនរៀល ដល់អ្នកមីង ពេជ្រ យ៉ាត់ អាយុ៤៥ឆ្នាំ ដែលមានជំងឺដុះសាច់ដៃពីកំណើត រស់នៅក្នុងភូមិថ្មីលើ ឃុំពោធ៏ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលយកទៅប្រគល់ជូនអ្នកមីងពេជ្រ យ៉ាត់ ដោយផ្ទាល់ ជាអំណោយមនុស្សធម៌របស់លោកស្រីទាវ ធីតា និងលោក ថោង សារ៉ាត់។

ថ្លែងក្នុងឱកាសនោះ លោក ឈុន សុភ័ក្រ និងលោកស្រី សុខ ម៉ាលី តំណាងលោកស្រីទាវធីតា និងលោកថោង សារ៉ាត់ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជំងឺ ឲ្យមានការតស៊ូ និងខំអនុវត្តតាមវេជ្ជបញ្ជាដើម្បីឆាប់ជាសះស្បើយ។ ក្រៅពីនេះតំណាងរបស់លោកស្រី ទាវ ធីតា និងថោង សារ៉ាត់ បានបញ្ជាក់ថា បើទោះបីអំណោយជាថវិកានៅពេលនេះ មានមិនច្រើនប៉ុន្មាន ប៉ុន្តែជាចំណែកមួយជួយសម្រាលទុក្ខលំបាកខ្លះៗ ដើម្បីជាការបង្ហាញនូវទឹកចិត្តវប្បធម៌ចែករំលែក និងជាការលើកទឹកចិត្តផងដែរ ។

ជាមួយគ្នានោះ គ្រួសារដែលទទួលនូវអំណោយនាពេលនេះ បានថ្លែងអំណរគុណដល់ លោកស្រីទាវ ធី តា និងលោក ថោង សារ៉ាត់ ព្រមទាំងបានជូនពរឲ្យមានសុខភាពល្អ និងបន្តដឹកនាំក្រុមហ៊ុន ឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះអ្នកក្រីក្រផ្សេងៗទៀត៕