(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក កើតឡើងនៅទីតាំងផ្សេងគ្នានៅរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ព្រមទាំងខូចខាតរថយន្តចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿង។

* ករណីទី១៖ កើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៥៧ កែង១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក SCOOPY ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FI-8316 ដោយបើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួន នៅតែមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក RANGE ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AB-1888 ដែលកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៥៧ ក្នុងទិសដៅពីជើងទៅត្បូង ចំពេញមួយទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូបោកក្បាលផ្ទប់ទៅ និងកញ្ចក់រថយន្តជាប់សាច់ និងកញ្ចក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

* ករណីទី២៖ បានកើតឡើងនៅវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ កែងផ្លូវលេខ២៥៣ ត្រង់ចំណុចមុខសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត ស៊េរីទំនើប 570 បើកបរក្នុងលឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្ត CAMRY នៅចំណុចផ្លូវបំបែកជាបួនបណ្ដាល បណ្តាលឲ្យរថយន្តទាំងពីររងការខូចខាត យ៉ាងដំណាំ តែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ភាគីរថយន្តទាំងពីរ បានចរចាគ្នា ដោយភាគីខាងរថយន្តស៊េរីទំនើប ៥៧០ យល់ព្រមសងសំណងទៅឱ្យម្ចាស់រថយន្ត CAMRY ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕