(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងអះអាងថា ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម គឺជាការសម្លាប់របស់ថ្នាក់ដឹកនាំខ្មែរមានចិត្តព្រៃផ្សៃនៅក្នុងរបបនោះ មិនមែនដោយសារតែឥទ្ធិពលចិនដែលជាបង្អែកនោះទេ។

របបខ្មែរក្រហម គឺជារបបដ៏ប្រល័យមួយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រជាពលរដ្ឋខ្មែរជាង ២លាននាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបនេះត្រឹមរយៈពេលតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃតែប៉ុណ្ណោះ។ របបខ្មែរក្រហមត្រូវបានគេដឹងថា ជារបបមួយមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលចិន។

ព្រោះតែទំនាក់ទំនងដ៏ជិតស្និទ្ធនៃរបបខ្មែរក្រហម និងរដ្ឋាភិបាលចិននាសម័យនោះហើយ ទើបនាំឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួន រួមទាំងអ្នកនយោបាយមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាលផង បានដាក់បន្ទុកថា ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហមមានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន។

ផ្តើមចេញពីរូបភាពនៃទំនាក់ទំនងពីអតីតកាលរវាងមេដឹកនាំខ្មែរក្រហម និងរដ្ឋាភិបាលចិន នាំឱ្យមានការសម្លាប់រង្គាលបែបនោះហើយ ទើបមានប្រជាពលរដ្ឋខ្លះ និងអ្នកនយោបាយមាននិន្នាការប្រឆាំង ព្យាយាមអូសទាញ និងអុចអាលថា ទំនាក់ទំនងស្អិតល្មួតរវាងរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ជាមួយរដ្ឋាភិបាលចិន អាចនឹងជួបដានប្រវត្តិសាស្ត្រដូចក្នុងរបបខ្មែរក្រហម។

ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាទិវានឹករលឹកដល់សកម្មភាពដឹកនាំដ៏ឃោរឃៅរបស់ខ្មែរក្រហមនោះ លោក ប៉ា សុជាតិ បានទទួលស្គាល់ថា ក្នុងរបបខ្មែរក្រហមកម្ពុជា បានទទួលឥទ្ធិពលពីរដ្ឋាភិបាលចិនក្នុងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម គឺជាការសម្លាប់រវាងខ្មែរ និងខ្មែរ មិនមែនជាការបង្គាប់បញ្ជា ឬដោយសារតែចិនជាបង្អែករបស់ខ្មែរក្រហមនោះឡើយ។

លោក ប៉ា សុជាតិវង្ស បានគូសបញ្ជាក់ដូច្នេះ «កម្ពុជាពិតជារងគ្រោះដោយសារការប្រជែងភូមិសាស្ត្រនយោបាយ អ៊ីចឹងចៀសមិនផុតទេនៃការគាំទ្រនយោបាយរបស់ មហាអំណាចមួយចំនួនលើការដឹកនាំរបស់ប្រទេសតូចៗដូចកម្ពុជា។ ប៉ុន្តែអ្វីដែលយើងគិតថា ត្រូវតែទទួលយកនូវការពិតនៃប្រវត្តិសាស្ត្រនៅត្រង់ថា របបនេះវាកើតឡើងដឹកនាំ ដោយខ្មែរពិតប្រាកដដែលក្នុងនោះ គឺ ប៉ុល ពត ដែលហៅថា សាឡុត ស ដឹកនាំដោយមេខ្មែរក្រហមមួយចំនួនទៀត ដែលយើងកំពុងនឹងកាត់ទោស ដូចជា ខៀវ សំផន ដូចជា នួន ជា ដូចជាតាម៉ុក ។ល។ ដែលសុទ្ធតែជាខ្មែរ ហើយគឺពិតប្រាកដណាស់ថា នៅក្នុងរបបនោះ ខ្មែរ សម្លាប់ខ្មែរ ក្នុងការអនុវត្តន៍របបប្រល័យពូជសាសន៍។ ទោះបីមានការទទួលឥទ្ធិពលពីក្រៅប្រទេសបែបណានោះ នោះជារឿងមួយ តែរឿងពិត គឺកម្ពុជាយើងរងគ្រោះដោយរបបប្រល័យពូជសាសន៍»

បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជាមានទំនាក់ទំនងស្អិតល្មួតនឹងរដ្ឋាភិបាលចិនដូចរបបខ្មែរក្រហមយ៉ាងណាក្តី លោក ប៉ា សុជាតិវង្ស បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន នឹងមិនអនុញ្ញាតឱ្យមានរបបខ្មែរក្រហមកើតមានជាថ្មីនោះឡើយ៕