(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា យើងនឹងប្រែក្លាយកំហឹង ពីការកាប់សម្លាប់ប្រជាជនជិត ៣លាននាក់ក្នុងរបបដ៏ឃោឃៅយុងឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត មកជាការចងចាំទុកនៅក្នុងចិត្ត និងប្តេជ្ញាចិត្តរួមគ្នាឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងការកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនទ្វេដងឡើង។

លោក ស្តើង សុខុម បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ នៃស្រុកកំចាយមារ ខេត្តព្រៃវែង។ ពីធីនេះក៏មានការចូលរួមពីលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ និងលោក លោកស្រី ក្រុមការងារចុះជួយស្រុកកំចាយមារ ក្រុមប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធ ប្រមាណជិត៥០០នាក់ នៅសាលាស្រុកកំចាយមារ។

នៅក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ នៃស្រុកកំចាយមារនេះផងដែរ ក៏មានពិធីធ្វើការស្មឹងស្មាត ប្រមាណជិត១នាទី ដើម្បីសម្តែងនូវការគោរពវិញ្ញាណក្ខន្ធ ពីព្រោះតែថ្ងៃទី២០ ឧសភា នេះ គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខន្ធ ប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាថ្ងៃធ្វើឲ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់រស់នៅក្នុងសមុទ្រឈាម និងទឹកភ្នែក ហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់ៗរូបផងដែរ។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ បានបញ្ជាក់ទៀតថា វាពិតជារឿងសំខាន់ណាស់ សម្រាប់ក្រុមការងារចុះជួយនៅតាមមូលដ្ឋានស្រុក ភូមិ ក៏ដូចជាមន្ត្រីទាំងអស់ គឺត្រូវតែចុះទៅជួបដល់ផ្ទះប្រជាពលរដ្ឋតែម្តង ដើម្បីស្វែងរកពីផលលំបាករបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយជូនពួកគាត់ ធ្វើយ៉ាងរកឱ្យឃើញពីបញ្ហ និងជួយដោះស្រាយពួកគាត់ឱ្យបានទាន់ពេលវេលា ហើយបើសិនជាមិនអាចដោះស្រាយបានទេ ត្រូវតែរាយកាណ៍ទៅមន្ត្រីថ្នាក់ជាតិខាងលើបន្តទៀត ដើម្បីស្នើរឱ្យស្ថាប័នណាដែលអាចដោះស្រាយបាន ចុះជួយពលរដ្ឋភ្លាមៗតែម្តង។

លោកបានបញ្ជាក់ទៀតថា ដោយសារតែមន្ត្រីនៅតាមថ្នាក់មូលដ្ឋាន មានច្រើនជាងនៅតាមថ្នាក់ជាតិ ដូចនេះហើយមានតែមន្ត្រីនៅតាមថ្នាក់មូលដ្ឋាននេះទេ ដែលបានដឹងសព្វគ្រប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្វែងយល់បញ្ហារបស់ពលរដ្ឋបានលឿន និងឆាប់រហ័ស។ រាជរដ្ឋាភិបាលអាណត្តិទី៦ បានចាត់ឱ្យក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ត្រូវសហការណ៍ជាមួយក្រុមការងារមូលដ្ឋាន ភូមិ ស្រុក ដើម្បីជួយគ្នាក្នុងការជួយដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោក ស្តើង សុខុម ក៏បានដាក់ផែនការយុទ្ធសាស្ត្រចំនួន៧ចំណុច សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ នៃស្រុកកំចាយមារ ក្នុងការអនុវត្តន៍ដែលមានដូចជា៖

*ទី១៖ អនុវត្តសេចក្តីណែនាំ ស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាព

*ទី២៖ ត្រូវបង្កើតលេខាធិការដ្ឋាន ក្រុមការងារថ្នាក់ជាតិ នៅថ្នាក់ស្រុក ដើម្បីឡើងផែនការសកម្មភាពដាក់ទៅតាមឃុំ នីមួយៗ
*ទី៣៖ រៀបចំផែនការសកម្មភាពរបស់ឃុំនីមួយៗ មកចងក្រងទៅជាផែនការសកម្មភាពជារួមនៅស្រុក
*ទី៤៖ ត្រូវធ្វើវេទិការសាធារណៈឱ្យបានម្តង ឫ២ដង ក្នុងមួយខែនៅតាមឃុំនីមួយៗ
*ទី៥៖ ត្រូវយកចិត្តទុកដាក់ជំរុញអភិវឌ្ឍ សេចក្តីណែនាំភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អ
*ទី៦៖ ត្រូវលើកកម្ពស់សេវាសាធារណៈគ្រប់កម្រិត
*ទី៧៖ ប្តេជ្ញាប្រយុទ្ធប្រឆាំងការពារឱ្យបាន មិនឱ្យមានបដិវត្តន៍ពណ៍នៅតាមមូលដ្ឋាន ៕