(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោកវសេនីយ៍ឯក INyoman Sukasana (អ៊ីញ៉ូម៉ាន ស៊ូកាសាណា) ប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំកម្ពុជា នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូអនុព័ន្ធយោធាឥណ្ឌូនេស៊ី ពីអ្វីដែលជាសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០សម្រេចបានផងដែរ ដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕