(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ នាបរិវេណស្តូបតម្កល់អធិធាតុវត្តអំពែភ្នំ ស្ថិតនៅភូមិអំពែរភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រារព្ធធ្វើទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សរ សុពុត្រា អភិបាលរងខេត្ត លោក អ៉ិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រមាណជាង ២ពាន់អង្គ/នាក់។

លោក សរ សុពត្រា លើកឡើងថា ទិវា២០ ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខន្ធ ប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាថ្ងៃធ្វើឲ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់រស់នៅក្នុងសមុទ្រឈាម និងទឹកភ្នែកហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់ៗរូប។

អភិបាលរងបន្តថា រាល់ការអភិវឌ្ឍ ការកសាងនូវសមិទ្ធផលជូនជាតិមាតុភូមិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍ រីកចម្រើននៅតាមបណ្តាមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ម៉្យាងទៀតក៏សូមឧទ្ទិសដល់ថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភានេះ ឲ្យប្រែក្លាយទៅជាកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងចូលរួមថែរក្សាការពារសន្តិភាពនៅកម្ពុជា។

សមាជិកនៃអង្គពិធីទាំងមូល បានបូជាទៀនធូប ដាក់នូវកម្រងផ្កា គោរពវិញ្ញណក្ខន្ត ដល់ប្រជាជនកម្ពុជា បញ្ញវន្ត អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ២០០អង្គ ប្រារព្ធធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសលផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចតរៀងទៅ៕