(កណ្តាល)៖ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តអន្តរជាតិរបស់អង្គការ ONESight ចំនួន៣០នាក់ មកពី៨ប្រទេសរួមមាន៖ ចិន ហុងកុង អ៉ីតាលី អូស្រ្តាលី អាមេរិក ជប៉ុន ឡាវ សឹង្ហបុរី កាណាដា សហការជាមួយមូលនិធិចក្ខុខ្មែរ និងក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចុះមកពិនិត្យព្យាបាលភ្នែក និងកាត់វ៉ែនតាជូនប្រជាពលរដ្ឋ ១៣០០នាក់ នៅក្នុងឃុំអំពៅព្រៃ ដោយឥតគិតថ្លៃ ដើម្បីចូលរួមទិវាថ្ងៃចងចាំ២០ ឧសភា ព្រឹកមិញនេះ។

លោកស្រី ជេនីហានីត ប្រធានអង្គការ ONESight បានឱ្យដឹងថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ អង្គការ ONESight បានជួយមនុស្ស១០លាននាក់ ក្នុងប្រទេសចំនួន៤៨ នាំឱ្យគេមានសក្ដានុពលពេញលេញ តាមរយៈការមើលឃើញច្បាស់ដោយភ្នែក។

លោកស្រីមានចិត្តរំភើបសប្បាយរីករាយ ចំពោះការអញ្ជើញរបស់លោក សេង ស៉ីណារិន ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង មកពិនិត្យភ្នែកចែកវ៉ែនតាម្ញូប និងវ៉ែនតាការពារពន្លឺព្រះអាទិត្យ ជូនប្រជាពលរដ្ឋខ្មែរជាលើកទី១ នៅក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងនាមលោក ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងប្រជាពលរដ្ឋក្នុងឃុំ លោក សេង ស៉ីណារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិ ដែលបានមកពិនិត្យភ្នែកជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃជាការចូលរួមចំណែកលើកកម្ពស់សុខភាព ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋក្នុងឃុំអំពៅព្រៃ បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិ និងក្រុមការងារចុះជួយឃុំអំពៅព្រៃ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាប្រចាំគ្រប់កាលៈទេសៈ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក សេង ស៉ីណារិន ចុះមកជួយឃុំអំពៅព្រៃ បានកសាងសមិទ្ធផលជាច្រើន ដែលបម្រើប្រយោជន៍ប្រជាជនក្នុងមូលដ្ឋាន មានដូចជាប្រឡាយទឹក៣ខ្សែ ប្រវែង១០គីឡូម៉ែត្រ របងសាលាប្រវែង២៧៥ម៉ែត្រ មណ្ឌលសុខភាព១កន្លែង អគារកាត់ដេរ និងរបងស្ពានលូស្ទាក់ទឹក៥កន្លែង លែងកូនត្រីចូលក្នុងប្រឡាយជាង១០ម៉ឺនក្បាល ទូកក្ដា១០ និងបានចូលរួមកសាងវត្តអារាម ចំណាយថវិកាប្រមាណ៨០ម៉ឺនដុល្លារ សរុបថវិកាកសាងសមិទ្ធផលនានាជាង ២លានដុល្លាអាមេរិក៕