(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណវត្តកណ្តោលជ្រុំ ស្ថិតក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងមានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្សជាយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ពិធីដែលរៀបចំឡើងនាពេលនេះ ក្នុងគោលបំណង ដើម្បីរំលឹកដល់វិញ្ញាណខន្ធជនរួមជាតិ និងវីរជនស្នេហាជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអណោចអធម យ៉ាងខ្លោចផ្សារ ដោយអយុត្តិធម៌បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបមហាយ៉ង់ឃ្នង ដ៏សែនខ្មៅងងឹត ដែលកូនខ្មែរគ្រប់ជំនាន់គ្រប់ៗរូបចងចាំមិនភ្លេច៕