(កំពង់ចាម)៖ ក្នុងគោលបំណង ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងតំណាងលោក ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងនាំយកមកនូវប្រហុកប្រមាណ ៩០០គីឡូក្រាម ថ្នាំពេទ្យ១០៥០កញ្ចប់ និងថវិកាមួយចំនួន ដើម្បីផ្តល់ប្រជាពលរដ្ឋ ដែលមានជំងឺឈឺស្លាប់ នៅក្នុងភូមិចន្លាត់ដៃ ឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

តំណាងក្រុមការងារ ចុះជួយឃុំទងត្រឡាច បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធិផលជាច្រើន បានកើតឡើង ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហម ស្រុកស្រីសន្ធរ ដែលបានឧបត្ថម្ភការ កសាងឡើងដោយឧកញ៉ា ឡូវ ហ៊ឹង ទាំងស្រុង។

ឧកញ៉ា ឡូវ ហ៊ឹង បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

លោក ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះ ទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹងគ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា៕