(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ជាថ្ងៃទី៤ហើយ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ខណៈដែលរយៈពេល២ថ្ងៃកន្លងទៅនេះ យុទ្ធនាការឃោសនាបោះឆ្នោតបានដំណើរការទៅដោយរលូន គ្មានអំពើហិង្សា ឬបាតុភាពប៉ះទង្គិចគ្នាណាមួយឡើយ។

តាមការឱ្យដឹងរបស់គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។ ក៏ប៉ុន្តែក្នុងថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានគណបក្សតែ៣ប៉ុណ្ណោះ បានបើកយុទ្ធនាការឃោសនា។

បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅរយៈពេល៣ថ្ងៃមកនេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សានៅក្របខណ្ឌទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប។

សូមបញ្ជាក់ថា គណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមការរៀបចំរបស់គ.ជ.ប។ សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើង តាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ការឃោសនាដោយរឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង២៖០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕