(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បានជារាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០ ឧសភា ជាថ្ងៃនៃការចងចំា ពីព្រោះថ្ងៃ២០ ឧសភា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានបើកមហាសន្និបាត ដើម្បីអនុវត្ដនូវផែនការណ៍ប្រល័យពូជសាសន៍ ក្នុងការកាប់សម្លាប់មនុស្សយ៉ាងចំហ ឃោរឃៅ នឹងព្រៃផ្សៃបំផុតមកលើប្រជាពលរដ្ឋខ្មែរនៅទូទៅប្រទេស ក្រោយពីទ្បើងកាន់អំណាចនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បានសេចក្ដីថាចំពោះផែនការណ៍ប្រល័យពូជសាសន៍នេះ គឺពួកខ្មែរក្រហមបានអនុវត្ដយ៉ាងពេញទំហឹងចាប់ពីឆ្នាំ១៩៧៦ដល់១៩៧៩។

បើហេតុនេះចំពោះការដែលរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃ២០ ឧសភា ជាថ្ងៃនៃការចងចំាដូចយើងឃើញនេះ ពីព្រោះមានគោលបំណង ដើម្បីឲ្យជាតិចងចំាដល់ជនរងគ្រោះ នៃរបបខ្មែរក្រហមផង និងដើម្បីអប់រំមនុស្សជំនាន់ក្រោយកុំឲ្យដើរតាមគន្លងនៃរបបខ្មែរក្រហមផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយមេដឹកនំាខ្មែរក្រហម ដែលគេស្គាល់ជាទូទៅហៅថា «ប៉ុលពត» វិញ គឺជាការហៅតាមឈ្មោះសំងាត់ប៉ុណ្ណោះ។ ពីព្រោះចំពោះការហៅ «ប៉ុលពត-POL POT»នេះ បើគិតពីសំនេរភាសាខ្មែរ គឺគ្មានន័យអ្វីនោះទេ។ ប៉ុន្ដែបើគិតពីពាក្យបំព្រួញជាភាសាបារំាងទើបមានន័យ « POL POT- POLITIQUE POTENTIELLE » បានសេចក្ដីថានយោបាយដ៏មានសក្តានុពល។

បើតាមពិតចំពោះឈ្មោះពិតនៃមេដឹកនំានេះគឺឈ្មោះ សាទ្បុត ស ដោយមានចុះក្នុងបញ្ជីអត្រានុកូលដ្ឋានថ្ងៃខែកំណើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩២៨។ ដោយឪពុកឈ្មោះ សាទ្បុត ប៉ែន និងម្ដាយឈ្មោះ សុក ណែម ជាម្ចាស់កសិដ្ឋានមួយនៅព្រែកស្បូវ ស្ថិតនៅមិនឆ្ងាយពីរួមខេត្ដកំពង់ធំ៕