(ភ្នំពេញ)៖ នៅពេលដែលបុគ្គលម្នាក់​បាន​ប្រព្រឹត្តនូវ​អំពើឈ្លានពាន ប្រឆាំងទៅ​នឹង​បុគ្គល​ម្នាក់ទៀតហើយច្បាប់​បានបញ្ញត្តិ​ថាអំពើ​នោះជាបទល្មើស​ព្រហ្មទណ្ឌ នោះជនបង្កនឹង​ត្រូវទទួល​ទោស​ទៅតាម​ទង្វើ​ដែលខ្លួន​បាន​ប្រព្រឹត្ត ប៉ុន្តែក៏​នៅមាន​មូលហេតុ​មួយចំនួន​ដែលក្រមព្រហ្មទណ្ឌ​មិនតម្រូវ​ឲ្យមានការ​ទទួល​ខុសត្រូវ ឬមានការ​សម្រាលនូវការ​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​ផងដែរ ។

ដើម្បីយល់​កាន់តែច្បាស់ថា តើមានមូល​ហេតុអ្វីខ្លះ ដែលអាច​ឲ្យរួចផុត​ពីការ​មិនទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ឬការសម្រាល​នូវការ​ទទួលខុស​ត្រូវព្រហ្ម​ទណ្ឌ? កម្មវិធីយល់​ដឹងផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួយ ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមធ្វើការ​បង្ហាញ​ជូ​នដូចខាង​ក្រោម៖

យោងតាមក្រមព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រកម្ពុជា ឆ្នាំ២០០៩ បាន​បញ្ញត្តិ​អំពី​មូលហេតុ​នៃការមិន​ទទួលខុស​ត្រូវ​ព្រហ្ម​ទណ្ឌ ឬការ​សម្រាល​នូវការ​ទទួល​ខុសត្រូវ​ព្រហ្ម​ទណ្ឌមាន​ដូចខាង​ក្រោម ៖

១៖ ការមិនទទួល​ខុសត្រូវព្រហ្មទណ្ឌ ដោយសារ​មូលហេតុ​វិបល្លាស​ស្មារតី (មាត្រា៣១ នៃក្រមព្រហ្មទណ្ឌ) វិបល្លាស​ស្មារតី សំដៅ​ទៅលើជន​ដែល​មានវិបត្តិ​ផ្នែកបញ្ញា​ស្មារតី វិកលចរិត សតិ​មិនល្អ ដែលពុំអាចដឹងខុសត្រូវ​លើទង្វើ​របស់ខ្លួន​បានដូច​មនុស្សធ​ម្មតាក្នុងរយៈពេ​លមិន​កំណត់ ឬក្នុង​មួយរយៈពេល​ខ្លី ដូច្នេះ​កាលបើ​ជនណា​ម្នាក់ប្រព្រឹត្តបទ​ល្មើស​នៅពេល​ដែល​ជននោះ កើត​វិបល្លាស​ស្មារតី​ដែល​ធ្វើឲ្យបាត់​បង់នូវ​សមត្ថភាព​យល់ដឹង​របស់ខ្លួន ជននោះមិន​ត្រូវទទួល​ខុសត្រូវ​ព្រហ្មទណ្ឌទេ ។

ផ្ទុយទៅវិញ បើជននោះកើតវិបល្លាសស្មារតីដែលគ្រាន់តែកាត់បន្ថយនូវការដឹងខុសដឹងត្រូវរបស់ខ្លួន ជននោះ​នៅតែ​ទទួល​ខុស​ត្រូវព្រហ្មទណ្ឌ​ដដែល ។ ការកំណត់​ថាជន​នេះកើត​វិបល្លាសស្មារតី ឬគ្រាន់​តែ​អន់​បន្ថយ​នូវការ​យល់ដឹង​​ខុសត្រូវ​នោះ ត្រូវមាន​ភ​ស្តុតាង​​បញ្ជាក់​យ៉ាងច្បាស់​​លាស់​ពី​​គ្រូពេទ្យ​​ជំនាញ ដើម្បី​ឲ្យ​តុលាការ​​ធ្វើការ​ពិនិត្យ និងពិចារណា​ពី​បញ្ហានេះ​​ក្នុងការ​​កំណត់​ទោស ។

ចំពោះជន​ដែលកើត​វិបល្លាស​ស្មារតី​ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ឬសារជាតិ​ដែលច្បាប់​ហាមឃាត់ ហើយបាន​ប្រព្រឹត្តបទ​ល្មើស ជននោះ​មិនអាច​រួចផុត​ពីការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ឡើយ ។

២៖ ការអនុញ្ញាត​ដោយច្បាប់ ឫអាជ្ញាធរ (មាត្រា៣២ នៃក្រមព្រហ្មទណ្ឌ) សំដៅ​ទៅលើអាជ្ញាធរ​សាធារណៈ​មានដូចជា នគរបាល​ យោធា​ ជាដើម ដែល​ប្រព្រឹត្ត​អំពើដែល​បានបញ្ញត្តិ ឬអនុញ្ញាត្ត​ដោយ​ច្បាប់ ឬតាម​បញ្ជា​របស់​អាជ្ញាធរ​ស្របច្បាប់ បុគ្គល​ទាំងនោះមិន​មែនប្រព្រឹត្ត​បទល្មើស​នោះទេ លើកលែង​តែអំពើ​នោះជា​អំពើខុស​ច្បាប់យ៉ាង​ជាក់ច្បាស់ ។

ប៉ុន្តែ​ ចារី សហចារី​ អ្នកផ្តើម​គំនិតក្នុង​បទប្រល័យ​ពូជសាសន៍ បទឧក្រិដ្ឋ​ប្រឆាំង​នឹងមនុស្សជាតិ ឬបទឧក្រិដ្ឋ​សង្រ្គាម មិនអាច​លើកលែង​ឲ្យរួចផុត​ពីការ​ទទួលខុស​ត្រូវព្រហ្ម​ទណ្ឌបានទេ ទោះក្នុងមូល​ហេតុ​ណាក៏​ដោយ ។

៣៖ ការការពារស្របច្បាប់ (មាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ) ច្បាប់បាន​អនុញ្ញាត្ត​ឲ្យបុគ្គល ​ណាដែល​ប្រព្រឹត្រ្ត​បទល្មើស ក្នុងសភាព​ការការ​ពារស្រប​ច្បាប់ មិនត្រូវ​ទទួល​ខុស​ត្រូវព្រហ្មទណ្ឌទេ ប៉ុន្តែ​ការការ​ពារស្រប​ច្បាប់​នោះត្រូវមាន​លក្ខខណ្ឌ​ដូចខាងក្រោម៖

បទល្មើសត្រូវចាត់​ទុកថា​ត្រឹមត្រូវ ដោយការ​ចាំបាច់​ដើម្បី​ការពារខ្លួន ការពារ​អ្នកដទៃ ឬការពារ​ទ្រព្យសម្បត្តិ ដែល​ប្រឈមមុខ​នឹងការ​ឈ្លានពាន​មួយមិន​ត្រឹមត្រូវ បទល្មើស និងការឈ្លានពានត្រូវតែកើតឡើង​ក្នុងពេលជាមួយគ្នា និង គ្មានវិសមាមាត្រ រវាង​មធ្យោបាយ​ការពារ​ដែលប្រើប្រាស់ និងទម្ងន់​នៃការឈ្លាន​ពាន ។

ឧទាហរណ៍៖ លោក «ក» បានប្រើប្រាស់​គ្រឿងញៀន​រាល់ថ្ងៃ ហើយបាន​យកកាំបិត​ទៅកាប់ក្បាល​ម្តាយរបស់ខ្លួន ដោយ​​ស្រប​​ពេល​នោះ លោក «ខ» ដែលត្រូវជា​ប្អូនប្រុស​របស់លោក «ក» បានឃើញ​សកម្មភាព​នោះ ក៏បាន​ស្ទុះទៅយក​ដំបង​នៅក្បែរខ្លួន​វាយលោក «ក» មួយដំបង​ត្រូវចំក្បាល​បណ្តាលឲ្យ​ដួលទៅនឹង​ដីតែម្តង ក្នុងបំណង​ការពារម្តាយ​របស់ខ្លួន ។

ករណីនេះ លោក «ខ» មិនទទួល​ខុសត្រូវ​ព្រហ្មទណ្ឌទ្បើយ ព្រោះទង្វើ​រនេះជា​ស្ថានភាព​ចាំបាច់​ដើម្បី​ការពារ​អ្នកដទៃ ដែល​តបត​​ទៅនឹង​​អំពើ​ឈ្លានពាន​មិនត្រឹម​ត្រូវក្នុង​ពេល​ដំណាល​គ្នា​នៃអំពើ ហើយម​ធ្យោបាយ​ការពារ​ខ្លួនដែល​យកមក​ប្រើប្រាស់​មានភាព​សមាមាត្រគ្នា។

៤៖ សច្ចធារណ៍នៃការការពារស្របច្បាប់ (មាត្រា៣៤ នៃក្រមព្រហ្មទណ្ឌ) ការសន្មតថាជាការ​ការ​ពារ​ស្របច្បាប់​នៅក្នុង​ករណីដែល បទល្មើស​ត្រូវបាន​ប្រព្រឹត្ត​ដើម្បី រុញច្រាន​ការចូល​ក្នុងពេល​យប់​ដោយសារ កាប់គាស់​ទម្លុះទម្លាយ ដោយ​ហិង្សា ឬដោយ​កល​ល្បិច​នៅក្នុង​ទីកន្លែង​ដែល​មានមនុស្សនៅ ។

បទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែលអនុវត្តដោយហិង្សា ។ សច្ចធារណ៍​នៃការ​ការ​ពារស្រប​ច្បាប់ ពុំមាន​លក្ខណៈ​ដាច់ខាតទេ ។ សច្ចធារណ៍​នេះអាចត្រូវ​រលាយ ដោយភស្តុតាងផ្ទុយ ។

៥៖ ស្ថានភាពចាំបាច់ (មាត្រា៣៥ នៃក្រមព្រហ្មទណ្ឌ) ស្ថានភាពចាំបាច់ សំដៅទៅ​លើបុគ្គល​ដែល​ស្ថិត​នៅក្នុងការ ចាំចាច់​ត្រូវ​តែប្រព្រឹត្ត​បទល្មើស មិនត្រូវ​ទទួលខុស​ត្រូវព្រហ្មទណ្ឌ​ទ្បើយ ។ ស្ថាន​ចាំបាច់​ត្រូវមាន​លក្ខខណ្ឌ​ដូចខាងក្រោមនេះ៖

បទល្មើស​ត្រូវបាន​ចាត់ទុកថា ត្រឹមត្រូ​វ​ដោយការ​ចាំបាច់ ដើម្បី​ការពារខ្លួន ការពារ​អ្នកដទៃ ឬការពារ​ទ្រព្យសម្បត្តិ​ប្រឆាំងនឹង​គ្រោះថ្នាក់​ដែលកំពុង​កើតមាន ឬដែលនឹង​កើតមាន និង គ្មាន​វិសមាមាត្រ​រវាង​មធ្យោបាយ​ការពារ និងទម្ងន់​នៃគ្រោះថ្នាក់ ។

ឧទាហរណ៍៖ ចោរមួយក្រុមបានវាយបំបែកសោរផ្ទះរបស់ ពូសុខ ដើម្បីចូលប្លន់ទ្រព្យសម្បត្តិរបស់គាត់ ភ្លាមនោះ ពូសុខ ក៏បានយកកាំបិតកាប់ទៅលើចោរនោះ ដើម្បីការពារអាយុជីវិតក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់គាត់ពីការឈ្លានពាន របស់ក្រុមចោរ ដូចនេះ ពូសុខ ពុំត្រូវបានទទួលទោសព្រហ្មទណ្ឌនោះទេ ។

៦៖ អនុភាពនៃកម្លាំង ឫការបង្ខំ (មាត្រា៣៦ នៃក្រមព្រហ្មទណ្ឌ) សំដៅ​ទៅដល់​បុគ្គល​ដែលប្រព្រឹត្ត បទល្មើស​ក្រោម​អនុភាព​នៃកម្លាំង ឬការបង្ខំ ដែលបុគ្គល​នេះមិនអាចទប់ទល់​បាននោះ មិនត្រូវទទួលខុស​ត្រូវព្រហ្មទណ្ឌទេ ។ កម្លាំង និងការបង្ខំអាច​ចេញមកពី​ព្រឹត្តិការណ៍​ក្រៅឆន្ទៈ របស់មនុស្ស​តែប៉ុណ្ណោះ ។ កម្លាំង និងការ​បង្ខំនេះត្រូវតែ​មិនអាច​មើលឃើញ​ជាមុនបាន និងមិន​អាចជៀស​វាងបាន ។

សរុបមក ក្រមព្រហ្មទណ្ឌ​បានប​ញ្ញត្តិ​យ៉ាង​ពិសេស អំពី​មូលហេតុ​នៃការ​មិនទទួល​ខុសត្រូវ ព្រមទាំង​ស្ថានសម្រាល​នូវការ​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ ក្នុង​គោល​បំណង​ការពារ​ដល់​បុគ្គល​ដែលកើត​វិបល្លាស​ស្មារតី​បាត់បង់​ការយល់​ដឹងរបស់ខ្លួន​ក្នុងអំទ្បុង​ប្រព្រឹត្ត​បទល្មើស តាមការ​ទទួល​បញ្ជពីអាជ្ញាធ​រស្របច្បាប់ និងការការ​ពារខ្លួន ការពារ​អ្មកដទៃ ឬការការ​ពារទ្រព្យសម្បត្តិ ដែល​កំពុងប្រឈម​នឹងការ​ឈ្លានពាន​ខុសច្បាប់ ។

ដោយទ្បែក ក្រៅពីមូលហេតុខាងលើនេះ អនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនត្រូវទទួល​ទោសព្រហ្មទណ្ឌទេ ប៉ុន្តែ​អំពើ​ដែលអនីតិជន​បានប្រព្រឹត្ត ឪពុក-ម្តាយ ឬអាណាព្យាបាល​សម្រាប់​អនីតិជន​ជាអ្នកទ​ទួលខុស​ត្រូវសំណង​រដ្ឋប្បវេណី ។

រៀបរៀងដោយ៖ លោកមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦១ ៤៤៨ ៨៨៩, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕