(ភ្នំពេញ)៖ ដើម្បីបន្តរក្សាបានស្ថិរភាពថ្លៃ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ធនាគារជាតិនៃកម្ពុជា តាមរយៈគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានសម្រេចបន្តអនុវត្តគោលនយោបាយរូបិយវត្ថុចំនួន៤ចំណុច។ នេះបើតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាស្ដីពី «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយរូបិយវត្ថុលើកទី៤៧»។

កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី៤៧នេះ រៀបចំឡើងក្រោមការចូលរួមពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ គោលនយោបាយរូបិយវត្ថុ។

អង្គប្រជុំបានពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយរូបិយវត្ថុ នៅត្រីមាសទី១ និងទិសដៅនាត្រីមាសខាងមុខ។ ដោយក្នុងនោះបានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០១៩ សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗបង្ហាញវឌ្ឍនភាពល្អ។ អតិផរណាមានកម្រិតទាបជាមធ្យម១,៩% អត្រាប្តូរប្រាក់៤,០១៧រៀលក្នុងមួយដុល្លារអាមេរិក ហើយទុនបម្រុងអន្តរជាតិដុល្លារកើនឡើង ដែលអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ៥ខែនាគ្រាបន្ទាប់។

ដើម្បីបន្តរក្សាបាននូវស្ថិរភាពថ្លៃ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានសម្រេចបន្តអនុវត្តគោលនយោបាយរូបិយវត្ថុ ដូចខាងក្រោម៖

១៖ បន្តប្រកាន់យករបបអត្រាប្តូរប្រាក់ដែលមានស្ថិរភាព ដោយធ្វើអន្តរាគមន៍ចាំបាច់ ផ្អែកលើការប្រែប្រលនៃសេដ្ឋកិច្ច ដើម្បីបន្តពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល។

២៖ រក្សាស្ថិរភាពអត្រាការប្រាក់ LPCO និងផ្គត់ផ្គង់បរិមាណសន្ទនីយភាពជាប្រាក់រៀល៨០០
ប៊ីលានរៀលក្នុង១ខែ ឬទៅតាមការវាយតម្លៃលើតម្រូវការសេដ្ឋកិច្ច។

៣៖ បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនការយល់ដឹង របស់សាធារណជនពីសារៈសំខាន់ និងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងសង្គម។

៤៖ បន្តតាមដាន និងវាយតម្លៃជាប្រចាំលើការអនុវត្តតាមប្រកាស របស់ធនាគារជាតិនៃកម្ពុជាស្តីពី ការតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានប្រាក់កម្ចីយ៉ាងហោច១០%ជាប្រាក់រៀល៕